ភ្នំពេញ ៖ ម៉ូតូធូដេមួយគ្រឿងជិះដោយស្ត្រីពោះធំម្នាក់បើកឆ្លងផ្លូវត្រូវបានម៉ូតូសណ្តោងរុឺម៉កដឹកកញ្ចក់បើកបុករងរបួសបាក់ស្មាស្តាំ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ កែងផ្លូវបេតុងវត្តត្រពាំងឈូក ចំណុចភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មានផ្ទៃពោះជាង៣ខែ មុខរបរលក់ដូរ រស់នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសបាក់ស្មាខាងស្តាំ ជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JO-1792 ជាមធ្យោបាយ ។

តាមសម្តីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ឆ្លងផ្លូវទៅខាងឆ្វេងដៃ ស្រាប់តែម៉ូតូអូសសណ្តោងរុឺម៉កដឹកកញ្ចក់ ដែលបើកពីត្បូងទៅជើងបុកម៉ូតូរបស់គាត់ បណ្តាលឲ្យដួលរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ ទោះជាភាគីសងខាងនិយាយគ្នាយ៉ាងណាក្តី តែមិនត្រូវ ស្នាមរបួសកាន់តែប៉ោងហើម ទើបក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅពេទ្យខ្លួនឯង រីឯម៉ូតូ និង ម៉ូតូសណ្តោងរុឺក ទុកឲ្យសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.