ភ្នំពេញ ៖ រថយន្តដឹកផ្លែចេកដើរលក់មួយគ្រឿង ហ្វ្រាំងមិនជាប់ជ្រុលបុកបង្គោលភ្លើងដែកបាក់ដាច់មួយដើម តែមិនបង្កឲ្យរងរបួសដល់មនុស្សឡើយ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុងកែងសាលាសង្កាត់ចោមចៅទី១ ចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីអ្នកបើកបរបានឲ្យដឹងថា មុនកើតហេតុ គាត់បើករថយន្តកូរ៉េទ្រុង ដឹកផ្លែចេក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6319 កាត់តាមផ្លូវបេតុងខាងលើ បំណងដើរលក់ និងបោះឲ្យម៉ូយ ដោយបើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងផ្សេងបើកច្រាសទិស ទើបគាត់ខំគេចសសៀររបង ហ្វ្រាំងអត់ទាន់ ជ្រុលបុកបង្គោលភ្លើងដែកតែម្តង។

បន្ទាប់ពីមានរថយន្តបុកបាក់ដាច់បង្គោលភ្លើងដែក អាជ្ញាធរ និងសមត្ថកិច្ច បានឃាត់រថយន្តបង្កជាបណ្តោះអាសន្នសិន ដើម្បីឲ្យភាគីខាងរថយន្តទទួលខុសត្រូវ ជួសជុល ដាក់ផ្លាស់បង្គោលថ្មីឡើងវិញ៕
អត្ថបទ៖ តាតុង សែនជ័យ

