ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់កំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ បានសម្រេច អស់ជិត១០០០ដុល្លាទាំងព្រឹកព្រលឹមអុរ នៅតាមផ្លូវបេតុងកែងផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ សឿន សុខនី អាយុ៣០ឆ្នាំ មុខរបរ អាជីវករលក់ដូរ និងលក់បាយម្ហូប នៅរោងចក្រដើមពោធិ៍ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបមានលុយជិត១០០០ដុល្លារ ទូរស័ព្ទដៃ១គ្រឿង និងឯកសារមួយចំនួនទៀត ។

ជនរងគ្រោះបន្តទៀតថាដាក់លុយក្នុងកាបូប បំណងយកទៅទូទាត់ថ្លៃត្រី សាច់ ម្ហូប ឲ្យម៉ូយនៅផ្សារជម្ពូវ័ន ខណៈដែលជិះម៉ូតូតាមផ្លូវបេតុងខាងលើ ពីត្បូងទៅជើង សំដៅទៅផ្លូវជាតិលេខ៤ ឃើញជនសង្ស័យ៤នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកនិច១គ្រឿង ម៉ាកហុងដាឌ្រីម២គ្រឿង វ៉ាជែងទៅបាត់ដែរ តែមិនបានចាប់អារម្មណ៍ លុះវិលបត់ត្រឡប់ក្រោយមកវិញម្តងទៀត ធ្វើសកម្មភាពឆក់កាបូបពីចង្កេះបានសម្រេច រត់គេចបាត់ស្រមោល នៅក្បែរប៉ុស្តិ៍នគរបាលទៀត ស្រែកឆោឡោដែរតែគ្មានអ្នកជួយដេញ ។

ក្រោយកើតហេតុ ជនរងគ្រោះសម្រក់ទឹកភ្នែក សោកស្តាយរបស់ទ្រព្យខ្លួនឯង ដឹងហើយឮហើយ ចោរឆក់ច្រើន ជិះម៉ូតូទៅផ្ទះសិន រួចបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ជាក្រោយ៕
អត្ថបទ៖ តាតុង សែនជ័យ

