កំពត ៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិ ក្រុមគ្រួសារអះអាងថាមានសតិមិនប្រក្រតី បានយកពូថៅទៅកាប់បុរសម្នាក់ជាអ្នកជិតខាង បណ្តាលឲ្យរងរបួសដៃ ផ្អើលឆោឡោ អ្នកជិតខាងដេញ ភ័យរត់បែជាលោតចុះទឹកព្រែក បាត់ខ្លួនតែម្តង ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ពលរដ្ឋ ក្រុមគ្រួសារ ទាំងសមត្ថកិច្ច រាវរក រហូតមកដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ទៅហើយ រកសពស្ត្រីខាងលើមិនទាន់ឃើញ ខណៈដែលទឹកព្រែកកំពុងហក់ឡើង ហើយហូរខ្លាំងទៀត ។

ស្ត្រីខាងលើឈ្មោះ ពេជ្រ សូរិយា អាយុ៣៨ឆ្នាំ មានប្ដីមានកូនស្រីម្នាក់ អាយុ១២ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ជាស្ត្រីដែលមានសតិមិនប្រក្រតី ក្រោយពីសម្រាលកូនរួច។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីរូបនេះបានយកពូថៅទៅកាប់បុរសម្នាក់ ជាអ្នកភូមិជាមួយគ្នា បណ្តាលឲ្យរងរបួសដៃ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិកឯកជននៅផ្សារទូកមាស ដោយឃើញសភាពមិនស្រួលខ្លាចកាប់អ្នកផ្សេងៗទៀត អ្នកភូមិឃើញក៏នាំគ្នាស្រែក ដេញ ធ្វើឲ្យស្ត្រីខាងលើរត់គេច ទៅលោតចុះក្នុងទឹកប្រឡាយ កំពុងឡើង ហើយហូរខ្លាំងទៀតបាត់ខ្លួនតែម្តង កាន់តែភ្ញាក់ផ្អើលទ្វេរដង ។

តែបើតាមស្ត្រីឈ្មោះ ពេជ្រ ស្រីពៅ អាយុ៤៩ឆាំ្ន ត្រូវជាបងស្រីបង្កើតបានឱ្យដឹងថា ប្អូនស្រីរបស់គាត់ មានកូនមានប្ដី បន្ទាប់ពីការហើយប្អូនស្រីទៅរកសុីនៅខេត្តសៀមរាប តែក្រោយមកបានត្រឡប់មកនៅស្រុកកំណើតវិញ ក៏ប៉ុន្តែក្រោយពីឆ្លងទន្លេហើយ បែជាជួបរឿងមិល្អសម្រាប់សុខភាព បើនិយាយបែអបិយជំនឿថា ក្រឡាភ្លើង ឬព្រាយចូល វង្វេងវង្វាន់ និយាយលែងដឹងខុសត្រូវ ជាង១០ឆ្នាំហើយ មើលពុំជាសោះ មកដល់ពេលនេះជួបរឿងបែបនេះទៀត ។

តែទោះជាយ៉ាងណាក្តី អ្នកភូមិក៏នៅមានចិត្តអាណិតដល់គ្រួសារខាងលើ ថ្វីត្បិតគាត់បង្កបញ្ហាបណ្តាលឲ្យរបួសដល់អ្នកដទៃក្តី ក៏ដោយសារសតិរបស់គាត់ ទាំងអ្នកភូមិ ទាំងសមត្ថកិច្ច នាំគ្នាជួយរាវរក រហូតដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ នៅមិនទាន់រកសពឃើញទៀត ខណៈដែលស្ថានភាពទឹកព្រែកឡើង ហើយហូរខ្លាំង ៕

អត្ថបទ÷តាតុង សែនជ័យ

Share.