សហរដ្ឋអាមេរិកកាលពីថ្ងៃ អង្គារ ទី ១៩ ខែ កក្កដា បានបញ្ចូលប្រទេសវៀតណាម កម្ពុជា ប្រ៊ុយណេ និង ម៉ាកាវ ទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស ដែលរាប់បញ្ចូលប្រទេសម៉ាឡេស៊ីរួចហើយ ដោយចោទប្រកាន់ថា នៅមានភាពទន់ខ្សោយក្នុងការបញ្ឈប់ការងារជួញដូរផ្លូវភេទ ឬ ទន់ខ្សោយក្នុងការផ្ដល់សេវាជួយជ្រោមជ្រែងដល់ពលករចំណាកស្រុក។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ សហរដ្ឋអាមេរិកក៏បានបន្ថែមប្រទេសបេឡារុស ទៅក្នុងបញ្ជីខ្មៅ ហើយនៅក្នុងការរិះគន់ដ៏កម្រមួយរបស់សម្ព័ន្ធមិត្តលោកខាងលិចបានដាក់ ប្រទេសប៊ុលហ្គារី ក្នុងបញ្ជីតាមដានជុំវិញការព្រួយបារម្ភថា ខ្លួនមិនយកចិត្តទុកដាក់លើការជួញដូរ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា «ប្រសិនបើអ្នកក្រឡេកមើលរបាយការណ៍ អ្នកនឹងឃើញរូបភាពនៃសាច់រឿងចម្រុះជាច្រើន»។ លោកថា រដ្ឋាភិបាលធ្វើជាមើលឃើញករណីនៃការជួញដូរមនុស្ស ដែលបណ្ដាលមកពីអំពើពុករលួយ។

ប្រទេសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅកម្រិតទី៣ ជាកម្មវត្ថុនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ទោះបីជារដ្ឋបាលតែងតែលើកលែងការដាក់ទណ្ឌកម្មសម្រាប់ប្រទេសជាមិត្តដែលសន្យាថានឹងមានការកែលម្អក៏ដោយ។

ទាក់ទិននឹងបញ្ហានេះ អ្នកស្រី Kari Johnstone មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសទទួលបន្ទុកប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបាននិយាយថា រដ្ឋាភិបាលរបស់អាស៊ីមួយចំនួនត្រូវបានបន្ទាបចំណាត់ថ្នាក់ ដោយសារពួកគេធ្លាប់ស្ថិតក្នុងបញ្ជីតាមដាន ហើយមិនបានបង្ហាញវឌ្ឍនភាព។ នាងបានប្រាប់អ្នកយកព័ត៌មានថា ជាអកុសលនៅឆ្នាំនេះ មានប្រទេសមួយចំនួន នៅក្នុងតំបន់នោះមិនបានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងកើនឡើង៕

