
ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងកាន់តំណែងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ជំនួសឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា សម្រាប់អាណត្តិថ្មី។ នេះបើតាមលទ្ធផលនៃការបោះឆ្នោតនៅក្នុងមហាសន្និបាតវិសាមញ្ញអាណត្តិទី៧ និងការបោះឆ្នោតប្រធាននិងសមាជិកគណៈកម្មាធិការប្រតិបត្តិ ឆ្នាំ២០២១-២០២៥ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នេះនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ជាមួយគ្នានោះដែរឯកឧត្តម ស សុខា នៅតែបន្តកិច្ចការជាមួយសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ដោយទទួលតំណែងជាប្រធានកិត្តយស។

សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ជាសហព័ន្ធកីឡាសក្ដានុពលមួយរបស់កម្ពុជា ដែលដណ្តើមបានមេដាយជាច្រើនទាំងថ្នាក់តំបន់អាស៊ាន កម្រិតអាស៊ី និងពិភពលោក។ ថ្មីៗនេះនេះសហព័ន្ធបានបញ្ជូនអត្តពលិក២រូបទៅប្រកួត World Games នៅសហរដ្ឋអាមេរិក ហើយជាលទ្ធផលដណ្តើមបានមេដាយមាសចំនួន២គ្រឿង៕

