បាត់ដំបង÷ សមត្ថកិច្ចចម្រុះនាំខ្លួនបុរសម្នាក់ រួមទាំងដកហូតបានទឹកដោះគោស្រស់, ទឹកដោះគោជូរចម្រុះ ចំនួន ១៩០កេះ ថែមទាំងបានរឹបអូសយករថយន្តមួយគ្រឿង ក្រោយការឆែកឆេរអនុវត្តន៍ដីកាករណីរំលោភកម្មសិទ្ធបញ្ញានៅតំបន់ព្រំដែន ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីរំលោភកម្មសិទ្ធិបញ្ញានេះធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ ត្រង់ចំណុចឃ្លាំងស្តុកទំនិញ ក្មុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ការរឹតបណ្តឹងច្បាប់ដឹកនាំដោយព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបាត់ដំបង រួមជាមួយផ្នែកជំនាញ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ប៉ុស្តិ៍រដ្ឋបាលបឹងរាំង ព្រមទាំងអាជ្ញាធរមេភូមិស្វាយធំ បានចុះអនុវត្តតាមដីកាឆែកឆេរ និងរុករកខុសច្បាប់លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៉ិចប្រេសដែលមានទីតាំងនៅក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។

ឆ្លងកាត់ការពិនិត្យឆែកឆេរមន្ត្រីជំនាញបានរកឃើញ និងដកហូតបានទឹកដោះគោស្រស់, ទឹកដោះគោជូរចម្រុះ ចំនួន ១៩០កេះ ថែមទាំងបានរឹបអូសយករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣F- ៨៨៦១ មួយគ្រឿងផងដែរ។

ប្រភពខាងលើបានបញ្ជាក់ដែរថា ការចុះអនុវត្តច្បាប់នេះ កម្លាំងចម្រុះក៏បានឃាត់ខ្លួនជនសង្ស័យ ១នាក់ថែមទៀតដែលមានការពាក់ព័ន្ធ មានឈ្មោះសំ អឿន ភេទប្រុស អាយុ ៣៩ ឆ្នាំស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើជាម្ចាស់ទីតាំងផ្ទាល់ដើម្បីសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមនីតិវិធី៕
អត្ថបទ៖ ដំបងក្រញូង

