ប្រធានាធិបតីស្ដីទីរបស់ស្រីលង្កា លោក Ranil Wickremesinghe នឹងក្លាយជាប្រធានាធិបតីថ្មីពេញសិទ្ធិបន្ទាប់ពីលោក Gotabaya Rajapaksa លាលែងពីតំណែង។

យោងតាមការរាប់សន្លឹកឆ្នោតនៅថ្ងៃ ពុធ ទី ២០ ខែ កក្កដា លោក Wickremesinghe នឹងត្រូវគ្រប់គ្រងប្រទេសនេះរហូតដល់ឆ្នាំ ២០២៤ ក្នុងនាមជាប្រធានាធិបតីថ្មីរបស់ស្រីលង្កា។

សមាជិកសភាស្រីលង្កា បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្រ្តីរូបនេះឲ្យក្លាយជាប្រធានាធិបតី ថ្វីបើលោកមិនមានប្រជាប្រិយភាពពីសាធារណជនក៏ដោយ។

ទាក់ទិននឹងរឿងនេះ លោក Wickremesinghe ត្រូវប្រឈមមុខនឹងការភារកិច្ចដឹកនាំប្រទេសនេះ ចេញពីការដួលរលំផ្នែកសេដ្ឋកិច្ច និង ស្ដារសណ្ដាប់ធ្នាប់សាធារណៈឡើងវិញ បន្ទាប់ពីមានការតវ៉ាអស់រយៈពេលជាច្រើនខែ។

លោក Wickremesinghe បានយកឈ្នះគូប្រជែងរបស់លោកឈ្មោះ Dullus Alahapperuma ក្នុងការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីថ្មីនេះ។ លោកប្រធានាធិបតីថ្មីបាននិយាយនៅក្នុងសុន្ទរកថា ទទួលយកយ៉ាងខ្លីនៅក្នុងសភាថា លោកអញ្ជើញដៃគូប្រជែង លោក Alahapperuma ឲ្យចូលរួមជាមួយគ្នា ហើយធ្វើការរួមគ្នាដើម្បីនាំប្រទេសឲ្យរួចផុតពីវិបត្តិ ដែលស្រីលង្កាកំពុងប្រឈម។

ជាមួយនឹងការដំឡើងឋានៈរបស់បុរសវ័យ ៧៣ឆ្នាំ រូបនេះ ទៅជាអ្នកគ្រប់គ្រងកំពូល គណៈរដ្ឋមន្រ្តីបច្ចុប្បន្ននឹងត្រូវបានរំលាយដោយស្វ័យប្រវត្តិ ហើយលោកនឹងជ្រើសរើសនាយករដ្ឋមន្រ្តីដើម្បីបង្កើតគណៈរដ្ឋមន្រ្តីជាថ្មី៕

ប្រភព៖ CNA

Share.