DJ Nana បានមោះមុតនិងប្តេជ្ញាចិត្តធ្វើជាទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជារយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដែលនៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំនេះ មានការអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងឌីជេពូកែវោហាសព្ទរូបនេះ និងអង្គការភ្លែនអន្តរជាតិកម្ពុជា។

DJ Nana បានអភិវឌ្ឍខ្លួនពីគ្រួសារសាមញ្ញមួយមុនក្លាយជាតារាល្បីនាពេលបច្ចុប្បន្ន និងបានឆ្លងកាត់នូវបទពិសោធន៍ជីវិតជាច្រើនរាប់មិនអស់។ កន្លងមក អ្នកនាងក៏ធ្លាប់ធ្វើការងារជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងនាមអ្នកនាងបកប្រែម្នាក់ តែមកទល់ក្លាយជាទូតកិត្តិយសនេះ អ្នកនាងបានមានប្រសាសន៍ថា អ្នកនាងពិតរីករាយយ៉ាងខ្លាំងដែលបានរួមចំណែកនៅក្នុងសមិទ្ធផលសម្រេចបានដោយអង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាបេសកកម្មនៃការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងនៅគ្រប់មជ្ឈដ្ឋានរបស់ពួកគេ ដើម្បីអាច សិក្សា ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។

អ្នកនាង Nana បានបន្ថែមថា៖ «ក្តីស្រមៃរបស់ខ្ញុំនៅពេលនេះគឺចង់ឃើញ ក្មេងស្រីគ្រប់រូប ជាពិសេស អ្នកដែលមិនទទួលបានការយកចិត្តទុកដាក់ និងងាយរងគ្រោះ នៅពេលត្រូវបានគេសួរ គឺពួកគេអាចនិយាយដោយមិនស្ទាក់ស្ទើរ និងមានភាពឯករាជ្យចេញពីគំនិតខ្លួនឯងផ្ទាល់ថា ពួកគេចង់ក្លាយជាអ្វី ហេតុអ្វី និងដោយរបៀបណា។ នេះជាមហិច្ឆតារបស់ខ្ញុំនៅពេលចាប់ដៃគូជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាសម្រាប់រយៈពេល ២ឆ្នាំខាងមុខ»។
គួរឱ្យដឹងថា សម្រាប់រយៈពេលនៃការអនុវត្តយុទ្ធសាស្ត្រប្រចាំប្រទេសថ្មីរបស់យើង (២០២១-២០២៦) យើងមានគោលបំណងគាំទ្រ និងផ្តល់ផលប្រយោជន៍ដល់ក្មេងស្រី ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ២,៥លាននាក់ នៅកម្ពុជា – ប្រហែល ១លាននាក់ ដោយផ្ទាល់ និង ១.៥លាននាក់ ដោយប្រយោល តាមរយៈកម្មវិធីស្នូលចំនួនបួន (១) ការចាប់ផ្តើមជាមួយនិងសុខភាពល្អ (២) កិច្ចការពារជំនាន់ថ្មី (៣) ការរៀនសូត្រពេញមួយជីវិត និង (៤) ភាពដឹកនាំរបស់ក្មេងស្រី និងយុទ្ធនាការទូទាំងប្រទេសរបស់យើងផ្សេងទៀត។

ជាមួយគ្នានោះដែរ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាក៏បានបន្ថែមថា ខ្លឹមសារ និងសាររបស់ ឌីជេ ណាណា បានបង្កើនការយល់ដឹងនៅលើវេទិកាសាធារណៈអំពីបញ្ហាទាក់ទងនឹងក្មេងស្រី និងស្ត្រីវ័យក្មេង ដូចជា ការរើសអើង វិសមភាព ការបាត់បង់ឱកាស ការរំលោភបំពាន និងអំពើហិង្សា។ តាមរយៈកិច្ចសហការនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ដែលគាំទ្រយុទ្ធនាការសកលរបស់អង្គការភ្លែនអន្តរជាតិ «ក្មេងស្រីត្រូវមានឱកាសស្មើគ្នា» ព្រឹត្តិការណ៍ក្មេងស្រីកាន់តួនាទីជំនួស ទិវាអន្តរជាតិនារី មូលនិធិយុវជន និងកម្មវិធីជាច្រើនទៀត ឌីជេ ណាណា បានលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់យុវជនយ៉ាងសកម្ម។





