ទូក ង នាងតាវត្តីសែនមានជ័យ (ចាស់)

វត្តថ្មគរ ស្ថិតនៅភូមិថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល និងស្ថិតក្នុងចំណោមទីអារាមភាគច្រើននៃស្រុកល្វាឯម ដែលមានទូក ង។ ដោយសារស្ថិតក្នុងភូមិសាស្រ្តជាប់ទន្លេមេគង្គ ទន្លេតូច និងមានបឹង ព្រែក អូរហូរកាត់ដូចសរសៃឈាមគ្រប់ភូមិឃុំនោះ ស្រុកល្វាឯមជាប់ចំណាត់ថ្នាក់លេខ១ ជាស្រុកមានទូក ង ច្រើនជាងគេ នៅក្នុងខេត្តកណ្ដាល។

«នាងតាវត្តីសែនមានជ័យ» ជាឈ្មោះទូក ង មួយគ្រឿងស្ថិតនៅវត្តថ្មគរ។ ទូកនេះមានអាយុកាលជិត៣០ឆ្នាំមកហើយ និងជាទូកទី៣ក្នុងទីអារាមមួយនេះ បើរាប់ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមក។ ដោយសារអាយុកាលកាន់តែច្រើន ទូក ង នាងតាវត្តីសែនមានជ័យ មិនអាចបន្តចូលរួមប្រណាំងបានទៀតទេ។ ម្យ៉ាងក៏ដោយសារទូកមួយនេះ សឹងតែលែងមានដៃគូប្រណាំងកម្រិតចំណុះ៥៣នាក់ទៅហើយនៅរៀងរាល់ព្រះរាជពិធីបុណ្យអុំទូក និងពិធីអុំទូកថ្នាក់ស្រុកជាដើម។

ពិធីសែនព្រេនដាក់ទូកចុះទឹកទៅប្រណាំងនៅវត្តថ្មគរ

ដោយសារកូវីដ-១៩វាយលុក នៅឆ្នាំ២០២០ និង២០២១ ព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ មិនអាចប្រារព្ធឡើងបានទេ។ ប៉ុន្តែបុណ្យអុំទូកកម្រិតថ្នាក់ស្រុក រួមទាំងស្រុកល្វាឯមផងនោះ ត្រូវបានរដ្ឋបាលស្រុករៀបចំឡើងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកំសាន្តសប្បាយ ពិសេសតាមរយៈកីឡាប្រណាំងទូកដ៏មានប្រជាប្រិយភាព។ ពីរឆ្នាំចុងក្រោយនេះ ទូក ង នាងតាវត្តីសែនមានជ័យ បានចូលរួមប្រណាំងជាមួយបណ្ដាទូកផ្សេងៗទៀតនៅស្រុកល្វាឯម និងជួបប្រណាំងតែជាមួយទូក ង វែងៗតែម្ដង។

ទូកមានអាយុកាលច្រើនឆ្នាំ បូកផ្សុំនឹងការជួបដៃគូប្រណាំងមានចំណុះច្រើនៗ រហូតដល់ជាង៦០នាក់ ឬច្រើនជាង៧០នាក់ផងនោះ បានធ្វើឱ្យអ្នកស្រុកល្វាឯមទាំងមូលមានក្ដីអាណិតមកលើទូក ង មួយនេះណាស់ ដ្បិតបើទោះបីជាដឹងថាខ្លួនមានចំណុះមិនដល់ទូកវែងផ្សេងៗទៀតក៏ដោយ ក៏អ្នកភូមិថ្មគរ និងក្រុមចំណុះទូក ង នាងតាវត្តីសែនមានជ័យ នៅតែមានចិត្តក្លាហានចូលរួមប្រណាំងជាមួយគេឯង ដើម្បីថែរក្សាប្រពៃណីដូនតា និងអបអរពិធីរៀបចំដោយថ្នាក់ស្រុក។

ទូកង​នាងតាវត្តីសែនមានជ័យ ក្រោយទទួលបានជ័យជម្នះនៅភ្នំពេញ

លោក អ៊ួង ចំរើន ហៅ កន ប្រធានគណៈកម្មការទូក ង នាងតាវត្តីសែនមានជ័យ បានថ្លែងប្រាប់គេហទំព័រត្រយងថា «យើងខិតខំថែទាំទូកនេះណាស់ ទើបយើងអាចបន្តលេងទូក នាងតាវត្តីសែនមានជ័យ នេះបានរយៈពេលដល់ទៅជិត៣០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋក្នុងភូមិថ្មគររបស់យើង ម្នាក់ៗត្រៀមខ្លួនរួចហើយថានឹងជួបគូប្រណាំងខ្លាំងៗ ទូកថ្មីៗ និងចំណុះច្រើនៗទាំងនៅភ្នំពេញ និងថ្នាក់ស្រុក។ ប៉ុន្តែពួកយើងយករឿងចាញ់ឈ្នះទុកមួយឡែក ហើយយកប្រលឹងដូនតាស្នេហាកីឡាប្រណាំងទូកមកជំរុញការចូលរួមប្រណាំងដើម្បីថែរក្សាវប្បធម៌ជាតិ និងទំនៀមទំលាប់ស្រុកភូមិយើង»។

ការចូលរួមប្រណាំងនៅក្នុងពិធីប្រណាំងទូក ស្រុកល្វាឯម ឆ្នាំ២០២១ បានក្លាយជាការចងចាំចុងក្រោយមួយសម្រាប់អ្នកភូមិថ្មគរ ជាមួយទូក ង នាងតាវត្តីសែនមានជ័យ។ បន្ទាប់ពីចូលរួមប្រណាំងកម្រិតថ្នាក់ស្រុករួចមក អ្នកភូមិថ្មគរ បានសម្រេចដាក់ឱ្យទូកនេះចូលនិវត្តន៍ ដោយបានជួសជុល លាបថ្នាំថ្មីទុកជាសម្បត្តិវប្បធម៌មួយនៅក្នុងវត្ត។ បន្ទាប់ពីនេះ អ្នកភូមិ ដោយមានព្រះគ្រូចៅអធិការវត្តជាអធិបតី បានឯកភាពគ្នាស្វែងរកថវិកា ដើម្បីកសាងទូក ង ថ្មីមួយគ្រឿងទៀត។

ទូកង នាងយតាវត្តីសែនមានជ័យ តម្កល់ទុក

ទីបំផុតនៅដើមឆ្នាំ២០២២ ក្រុមការងារទូក ង នាងតាវត្តីសែនមានជ័យ ក៏ត្រូវបានបង្កើតឡើង ដើម្បីធ្វើសកម្មភាពកៀគរថវិកាគាំទ្រដំណើរកសាងទូក។ លោក ហួរ គឺជាជាងទូកដែលស្ថិតក្នុងការកត់សម្គាល់របស់អ្នកភូមិថ្មគរនៅក្នុងដំណើរការឈានទៅកសាងទូកថ្មីនេះ។ គាត់គឺជាជាងស្ថិតក្នុងចំណោមជាងទូក ងដ៏ចំណាៗនៅក្នុងស្រុកខ្មែរ ពិសេសគាត់គឺជាជាងទូក ង ល្បីឈ្មោះ សារាយ​តេជោសែនជ័យ ដែលជាទូក ង ជាប់លេខ១ទូទាំងប្រទេសជាច្រើនឆ្នាំ។

ជាង ហួរ កំពុងធ្វើទូកនៅព្រៃ

ជាងហួរ បានមកដល់វត្តថ្មគរនៅអំឡុងដើមឆ្នាំ២០២២នេះ តាមការអញ្ជើញពីគណៈកម្មការ។ គាត់បានចូលខ្លួនបួងសួងនៅព្រះវិហារវត្តថ្មគរ និងបានព្រមព្រៀងជាមួយព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការកសាងទូក ក្នុងការទទួលកសាងទូក ង ថ្មី ដែលមានតម្លៃប្រមាណ២ម៉ឺនដុល្លារអាមេរិក គិតទាំងតម្លៃដឹកមកដល់វត្តថ្មគរ។ ក្រោយការជួបពិភាក្សាគ្នា ជាងហួរក៏បានវិលទៅព្រៃដើម្បីរកឈើធ្វើទូកនេះ ចំណែកគណៈកម្មការទូក ក៏បានចាប់ផ្ដើមសកម្មភាពស្វែងរកថវិកា។

ក្រុមជាង និងអ្នកជំនាញ កំពុងធ្វើ និងពិនិត្យទូក

ជាភព្វសំណាងខ្ពស់ អ្នកភូមិថ្មគរទាំងនៅក្នុងភូមិស្រាប់ និងអ្នកចេញទៅក្រៅស្រុក ដូចជាភ្នំពេញ និងក្រៅប្រទេសជាដើម បានគាំទ្រពេញទំហឹងចំពោះផែនការកសាងទូក ង ថ្មីនេះ។ ពួកគេបានផ្ញើថវិកាជាបន្តបន្ទាប់មកគណៈកម្មការដើម្បីចូលរួមគាំទ្រដំណើរការកសាងទូក ង សម្រាប់ភូមិកំណើត។ កាន់តែពិសេសសម្រាប់អ្នកភូមិថ្មគរ ការចាប់ផ្ដើមកសាង ទូក ង ថ្មីនាពេលនេះ បានទទួលការគាំទ្រជាជំហរថវិកា និងស្មារតីដ៏កក់ក្ដៅពីលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯមដែលជាពលរដ្ឋនៅភូមិថ្មគរស្រាប់ និងលោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាដែលក៏ជាកូនចៅអ្នកស្រុកល្វាឯមនេះស្រាប់។

លោក សែម សោត្ថី និងភិរយា

តាមរយៈការគាំទ្រទាំងឡាយមកនោះ គណៈកម្មការកសាងទូក ង នាងតាវត្តីសែនមានជ័យ ក៏រកបានថវិកា៥ពាន់ដុល្លារដើម្បីផ្ដល់ជូនជាងក្នុងដំណើរការចាប់ផ្ដើមកសាងទូក ង ថ្មី។

គណៈកម្មការទូក បានទៅដល់កន្លែងធ្វើទូក ជាលើកទី១

គណៈកម្មការ ដោយមានព្រះចៅអធិការវត្តជាអធិបតី បាននិមន្តនិងធ្វើដំណើររាប់រយគីឡូម៉ែត្រពីភូមិថ្មគរទៅដល់កន្លែងកសាងទូក ង នៅក្នុងព្រៃជ្រៅ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២នេះ។ ក្រុមជាង ក៏បានចាប់ផ្ដើមកសាងទូក ង មួយនេះទៅតាមបច្ចេកទេសយ៉ាងស្វាហាប់ និងយ៉ាងរហ័សបំផុត រហូតប្រើពេលតែប្រមាណ១ខែជាងប៉ុណ្ណោះ ក្រុមជាងក៏បានប្រែក្លាយឈើគគីរវែងមួយដើមឱ្យទៅជាទូក ង មួយគ្រឿងដ៏ល្អប្រពៃតែម្ដង។

លោក កន សុខកាយ និងភរិយា ព្រមទាំងបុត្រ

ទូក ង កសាងលឿនដោយក្រុមជាងជារឿយល្អហើយ តែវាក៏ក្លាយជាបន្ទុកមួយរបស់គណៈកម្មការ កសាង ទូក ងដែរ នោះគឺថវិកា។ គណៈកម្មការបានខិតខំស្វះស្វែងរកថវិការ ដើម្បីយកទៅផ្ដល់ជូនក្រុមជាងចំនួន៥ពាន់ដុល្លារទៀត បន្ទាប់ពីទូកត្រូវបានធ្វើលើសពី៥០ភាគរយ។

ទូកធ្វើបានប្រមាណ៩០ភាគរយ

ទីបំផុត ទឹកចិត្តស្រលាញ់ភូមិកំណើត ស្រលាញ់ប្រពៃណីប្រណាំង ទូក ង បានផុសឡើងក្នុងរង្វង់ក្រុមគ្រួសារ និងញាតិមិត្តលោកឧត្តមសេនីយ៍ទោ គង់ ពិសិដ្ឋ និងភរិយា។ សប្បុរសជនទាំងពីរបានបរិច្ចាកថវិកាផ្ទាល់ខ្លួន និងកៀគរញាតមិត្តបានថវិកាសរុបដល់ទៅ៧ពាន់១០០ដុល្លារអាមេរិក ដើម្បីគាំទ្រដំណើរកសាងទូក ង ថ្មីនៅក្នុងវត្តថ្មគរ។

លោកឧត្តមសេនីយ៍ទោ គង់ ពិសិដ្ឋ និងភរិយា

ទឹកចិត្តដ៏ជ្រាលជ្រៅរបស់លោកឧត្តមសេនីយ៍ទោ និងភរិយា ព្រមទាំងញាតិមិត្ត ហាក់ដូចទឹកមួយក្អមស្រោចលើផើងផ្កាក្នុងរដូវប្រាំង…។ ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ថវិកា៧ពាន់១០០ដុល្លារ ត្រូវបានបញ្ជូនមកដល់ដៃគណៈកម្មការ ហើយមិនដល់មួយសប្ដាហ៍ផង គណៈកម្មការក៏បាននាំយកថវិកាចំនួន៥ពាន់ដុល្លារ ធ្វើដំណើរទៅកាន់កន្លែងកសាងទូក ង ជាលើកទី២ ដើម្បីពិនិត្យទូកដែលជាងធ្វើជិតរួចរាល់ និងដើម្បីប្រគល់ថវិកាបន្ថែមជូនក្រុមជាង។

តំណាងគណៈកម្មការទូក រាយការណ៍ពីដំណើរការកសាងទូកជូនអ្នកភូមិថ្មគរ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការកសាងទូក ដោយមានព្រះគ្រូចៅអធិការវត្តថ្មគរ ជាងធិបតីបានទៅដល់កន្លែងកសាងទូក។ ម្នាក់ៗបានសម្ដែងក្ដីរំភើបរីករាយជាពន់ពេក នៅពេលបានឃើញទូក ង វែងស្ដូកមួយគ្រឿងកំពុងស្ថិតនៅលើបង្គង កណ្ដាលព្រៃជ្រៅ។ ម្នាក់ៗបាននាំគ្នាដើរទៅកាន់ទូក ង ដោយទឹកភ្នែករលីងរលោង។ រថយន្តដែលដឹកគណៈកម្មការទូក គឺជារបស់ពលរដ្ឋក្នុងភូមិម្នាក់ឈ្មោះ ម៉ៅ ដែលគាត់បានស្ម័គ្រចិត្តដឹកគណៈកម្មការមកមើលទូកនេះដោយមិនគិតប្រាក់ឈ្នួល។

គណៈកម្មការកសាងទូក និងទូកពេលធ្វើជិតរួចរាល់

ពិធីសែនព្រេនបារមីទូក ង និងអ្នកតាព្រៃភ្នំ ក៏បានចាប់ផ្ដើមភ្លាមៗ។ ស្លាធម៌ បាយសី ម្លូរស្លា បារី ក្បាលជ្រូក មាន់ស្ងោ ផ្លែឈើ ទឹកអប់ក្រេមម្សៅ និងក្រមាអំបោះក្រហម ត្រូវបានគណៈកម្មការរៀបចំជាគ្រឿងដង្វាយយ៉ាងត្រឹមត្រូវតាមទំនៀមទំលាប់អ្នកភូមិ។ ព្រះគ្រូចៅអធិការវត្តបានសូត្រព្រះធម៌ជយោន្តោ ស្របគ្នានឹងគណៈកម្មការក៏បួងសួងម្ចាស់ទឹកម្ចាស់ដី បួងសួងជំនាងទូក នាងតាវត្តីសែនមានជ័យ ដើម្បីមកជួបជុំទទួលសេពសោយគ្រឿងរណ្ដាប់សំណែនយ៉ាងសក្ដិសមទាំងនេះ។

ពិធីសែនព្រេន

លោក អ៊ួង ចំរើន បានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីបញ្ចប់ដំណើរមកពិនិត្យទូក និងបានប្រគល់ថវិកាជូនក្រុមជាងចំនួន៥ពាន់ដុល្លារទៀតនាពេលនេះហើយនោះ បេសកកម្មបន្តរបស់គណៈកម្មការកសាងទូក ង នាងតាវត្តីសែនមានជ័យ គឺការសម្របសម្រួលជាមួយក្រុមជាង ដើម្បីដឹកទូកនេះពីព្រៃតាមផ្លូវគោកឆ្ពោះទៅកាន់វត្តថ្មគរ និងការត្រៀមធ្វើបុណ្យផ្ការស្មីសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យបង្គ្រប់ចំនួន២ម៉ឺនដុល្លារជូនជាង និងឈានទៅកសាងរោងដាក់ទូកថ្មី។

គណៈកម្មការ ក៏បានឆ្លងយោបល់ជាមួយព្រះគ្រូចៅអធិការវត្ត និងចាស់ទុំនៅក្នុងភូមិ រកមើលថ្ងៃជា ពិលាល្អសម្រាប់ការដង្ហែរទូកចូលភូមិ និងចូលវត្ត។ បើគ្មានការប្រែប្រួលទេនោះ ទូក ង នាងតាវត្តីសែនមានជ័យ ថ្មី នឹងត្រូវដង្ហែរមកដល់ភូមិថ្មគរ នៅថ្ងៃអាទិត្យទី៣១ ខែកក្កដានេះ ហើយការដង្ហែរចូលវត្តនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃចន្ទទី១ ខែសីហា បន្ទាប់ពីទូកត្រូវតម្កល់ទុកនៅក្បែរអាស្រមលោកតាក្រឡាហោមគង់ តំបន់ទួលទ្រា នៅក្រោយភូមិថ្មគរ។

ពិធីលាបក្រេមម្សៅបាញ់ទឹកអប់

គណៈកម្មការគ្រោងរៀបចំពិធីជួបជុំសាមគ្គីភូមិថ្មគរនៅសាលាឆទានក្បែរអាស្រមលោកតាគង់ ឬលោកតាទួលទ្រា នៅថ្ងៃទី៣១ ខែកក្កដានោះ ហើយពិធីបុណ្យផ្កាសាមគ្គី ក៏អាចនឹងត្រូវធ្វើឡើងក្នុងពេលដំណាលគ្នានោះដែរ។ គណៈកម្មការទូក មានក្ដីសង្ឃឹមថាពលរដ្ឋភូមិថ្មគរទាំងអស់នឹងចូលរួមថវិកាហែរផ្កានេះ ដើម្បីប្រមូលបច្ច័យមកបង្គ្រប់២ម៉ឺនដុល្លារជូនក្រុមជាងផង និងឈានទៅកសាងរោងតម្កល់ទូកផង។

យ៉ាងណាក៏ដោយ បើតាមលោក អ៊ួង ចំរើន គឺលោក កន សុកាយ អភិបាលស្រុកល្វាឯម បានជម្រាបអ្នកភូមិថ្មគរពីការបន្តផ្ដល់ការគាំទ្របន្ថែមទៀតសម្រាប់ដំណើរការកសាងទូកងថ្មីនេះ ខណៈឯកឧត្តម រ័ត្ន មុនី អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំថ្មគរ ក៏គ្រោងនឹងផ្ដលថវិកាចូលរួមបន្ថែមទៀតផងដែរ៕

គណៈកម្មការទូក និងក្រុមជាង

Share.