កំពង់ធំ ៖ នៅល្ងាចថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់រថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ដុះស្លែ នៅក្នុងខេត្តកំពង់ធំ ។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងតាមបណ្តារផ្លូវក្រវ៉ាតក្រុង ត្រង់ចំណុចផ្លូវចូលវត្តក្តីដូង ស្ថិតសង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ដឹកនាំដោយ លោកតិប ញាតា នាយអធិការដ្ឋានខាងជើងបឹងទន្លេសាប សហការណ៍ជាមួយកម្លាំងអាវុធហត្ដខេត្ត កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ឈ្មួញឈើខាងលើឈ្មោះ ទៀប ធួក ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលកម្លាំងសមត្ថកចិ្ចបានធ្វើការស្រាវជ្រាវអស់ជាច្រើនខែ រហូតឈានមកដល់ការឃាត់ខ្លួន រួមទាំងវត្ថុតាងមានរថយន្តការ៉េ ផ្ទុកទៅដោយផលអនុផលព្រៃឈើជាច្រើនម៉ែត្រគូបផងដែរ ។

សមត្ថកិច្ចបានបន្ថែមថា ឈ្មួញខាងលើនេះសមត្ថកិច្ចធ្លាប់បានធ្វើការអប់រំជារឿយៗ រួមទាំងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំម្តងដែរ តែនៅតែពុំមានការរាងចាលឡើយ ហើយបានបង្កភាពចលាចលក្នុងបណ្តាញសង្គម និងតាមទីសាធារណៈផងដែរ ។ ដោយជនសង្ស័យរូបនេះកន្លងមកធ្លាប់ធ្វើសកម្មភាព គម្រាមកំហែងសមត្ថកិច្ច គម្រាមយកសាំងដុតរថយន្ត និងយកសាំងដុតខ្លួនឯង ជាហូហែរ អោយតែសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តដឹកផលអនុផលព្រៃឈើនោះ។

បើតាមអាវុធហត្ថខេត្តកំពង់ធំបានប្រាប់ថា នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យឈ្មោះ ទៀប ធួកនេះបានឆ្លើយសារភាពថា ការដឹកជញ្ជូនផលអនុផលព្រៃឈើនេះ គឺគ្មានច្បាប់ទេ ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ងកិច្ចបញ្ជូនទៅកាន់នាយផ្នែករដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមនិតិវិធី។

លោកប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ស្តីពីព្រៃឈើ និងឈប់ប្រព្រឹត្តិបទល្មើសព្រៃឈើ និងការកាប់រានដីព្រៃ របស់រដ្ឋ៕
អត្ថបទ÷ ខេត្តកំពង់ធំ

