ខេត្តព្រះសីហនុ÷ ជនជាតិវៀតណាមម្នាក់ធ្លាក់ពីលើអាគារជាន់ទី២៥ស្លាប់ ដោយមិនទាន់ដឹងមូលហេតុ។ ករណីនេះកើតឡើង នៅវេលាម៉ោង ១៧:២០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចអាគារ ស៊ីងហ្សាវ័ន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

តាមកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ NGUYEN THILAN ភេទស្រី អាយុ ៣០ឆ្នាំជាជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ K0043557 បានធ្លាក់ពីលេីទីខ្ពស់ ជាន់ទី២៥ បន្ទប់លេខ២៥២០ នៃអគារស្នាក់នៅ ស៊ីងហ្សាវ័ន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់ ១នាក់។

បន្ទាប់ពីកើតហេតុ លោក អនុ.ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនជាតិចិនម្នាក់ដែលស្នាក់នៅបន្ទប់ជាមួយជនរងគ្រោះខាងលើឈ្មោះ JIAO TIANCI ភេទប្រុស អាយុ ៤៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EC6963507 យកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅសាលតំកល់សពនៃមន្ទីរពេទ្យបង្អែកខេត្ត ពេទ្យចំការចេក ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ និងស្រាជ្រាវឲ្យដឹងមូលហេតុជាក់លាក់៕
អត្ថបទ÷ ក្រុងព្រះសីហនុ
