នៅ​ក្នុង​មហាសន្និបាត​វិសាមញ្ញ​អាណត្តិ​ទី៧ និង​ការ​បោះឆ្នោត​ប្រធាន​និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ ឆ្នាំ​២០២១-២០២៥ ​​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា នា​រសៀល​​ថ្ងៃ​​ពុធ ទី​២០ ខែ​កក្កដា ឆ្នាំ​២០២២ ​មាន​ការ​​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​ប្រធាន​សហព័ន្ធ​មួយ​នេះ។

ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹង​កាន់​តំណែង​ជា​​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ជំនួស​​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និង​កីឡា សម្រាប់​អាណត្តិ​ថ្មី។

អត្ថបទពាក់ព័ន្ធ៖មន្រ្តី​ជំនាញ និយាយ​ពី​​ការ​ដណ្តើម​មេដាយមាស២​​គ្រឿង​ក្នុងកីឡា World Games​លើ​ទឹកដី​អាមេរិក

បើ​​ការ​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​ក្រុម​ការងារ​សារព័ត៌មាន​ត្រយង លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អ្នក​នាំ​ពាក្យ​របស់​​ឯកឧត្តម ស សុខា ប្រធាន​កិត្តិយស​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា បាន​​មាន​ប្រសាសន៍​ថា៖«មាន​កត្តា​៣​យ៉ាង​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​នេះ ដោយ​ទី១ កត្តា​ពេលវេលា ទី២ កត្តា​ភាព​រឹងមាំ​នៃ​​ថ្នាក់ដឹកនាំ​សហព័ន្ធ​គ្រប់​ជាន់​ថ្នាក់ និង​ទី៣ កត្តា​ផ្តល់​ឱកាស​ថ្នាក់​ដឹកនាំ​បន្ត​វេន»។

«ការ​ដក​ឃ្លា​ពី​តួរនាទី​នេះ​ធ្វើ​ឱ្យ​ឯកឧត្តម ស សុខា មាន​ពេល​ច្រើន​ក្នុង​ការ​ជួយ​សហព័ន្ធ​ផ្សេង​ទៀត ជា​ពិសេស​សហព័ន្ធ​កីឡា​សិស្ស​និស្សិត​និង​សហព័ន្ធ​កីឡា​បាល់ទះ​ជា​ដើម។ មួយ​បែប​ទៀត​ការ​ដក​​ផ្លាស់ប្ដូរ​នេះ​​ក្រោយ​ថ្នាក់​ដឹកនាំ​សម្លឹង​ឃើញ​ថា​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា មាន​ភាព​រឹងមាំ​និង​មាន​​ផែនការ​ជាក់លាក់​យូរ​​អង្វែង​ត្រឹមត្រូវ។ សម្រាប់​ថ្នាក់ដឹកនាំ​ថ្មី​ក៏​មិន​មាន​អ្នក​ផ្សេង​ណា​ក្រៅ​ពី​គ្រួសារ​កីឡា​ប៉េតង់ នេះ​ដែរ គឺ​​គាត់​ជា​កូន​របស់​សម្តេច​វិបុលបញ្ញា សុខ អាន ដែល​ជា​ស្ថាបនិ​មួយ​រូប​រួម​បង្កើត​សហព័ន្ធ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​១៩៩២​ផង​ដែរ»។

អត្ថបទពាក់ព័ន្ធ៖ឯកឧត្តម សុខ សូកាន ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ជំនួស​ឯកឧត្តម ស សុខា

​​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់ បង្កើត​ឡើង​ដំបូង​គឺ​ជា​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​ពី​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​មាន​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន​និង​សម្តេច​ក្រឡាហោម ស ខេង ជា​ប្រធាន​កិត្តយស​ ព្រម​ទាំង​ស្ថាបនិក​ជា​ច្រើន​រូប​ផ្សេង​ទៀត បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត ពេល​វេលា​ដ៏​មមាញឹក​​និង​ថវិកា​ផ្ទាល់​ខ្លួន ក្នុង​ការ​ជំរុញ​វិស័យ​កីឡា​ប៊ូល​និង​ប៉េតង់​រហូត​មាន​ភាព​ល្បីល្បាញ​និង​ទទួល​បាន​ការ​កោត​សរសើរ​​លើ​សកល​លោក​ដោយ​ទទួល​បាន​ការ​ប្រសិទ្ធ​នាម​ពី​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​អន្តរជាតិ​ថា «កម្ពុជា ជា​មហា​អំណាច​លើ​ប្រភេទ​កីឡា​ប៉េតង់»។

យោង​តាម​លទ្ធផល​នៃ​ការបោះឆ្នោត ឯកឧត្តម ស សុខា បានជ្រើសតាំងជាប្រធានកិត្តិយស និង ឯកឧត្តម សុខ សូកាន ដែលត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១ – ឆ្នាំ២០២៥ និងសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ១៥រូប ផ្សេងទៀត ដែលទទួលបានទំនុកចិត្តបោះឆ្នោតគាំទ្រ ពីមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូលនិងប៉េតង់កម្ពុជា បាន​បញ្ជាក់​ថា៖«ខ្ញុំសូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ស សុខា ដែលបានចូលរួមត្រួសត្រាយផ្លូវ និងដឹកនាំសហព័ន្ធដោយផ្ទាល់ ចាប់តាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែល ឯកឧត្តម បានចង្អុលបង្ហាញដោយផ្ទាល់ និងនាំមកនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ទាំងលំហូរការងាររដ្ឋបាលប្រចាំថ្ងៃ រចនាសម្ព័ន្ធ បទដ្ឋានបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធទីលាន ការហ្វឹកហាត់ ការប្រកួតស្របតាមបទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈរបស់សហព័ន្ធ ជាពិសេស ការទទួលបានមេដាយកម្រិតអន្តរជាតិ ជាដើម។ បន្ថែមពីនេះ ឯកឧត្តម បានលះបង់នូវពេលវេលា និងថវិកាផ្ទាល់ខ្លួនជាច្រើន ដែលនេះពិតជាមានអត្ថន័យ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងភាពជោគជ័យរបស់សហព័ន្ធ។ ខ្ញុំបាទនឹងបន្តព្យាយាមឱ្យអស់ពីលទ្ធភាព និងអស់ពីសមត្ថភាព ដើម្បីបន្តចូលរួមជំរុញសហព័ន្ធឱ្យមានការរីកលូតលាស់ដូចការគ្រោងទុក ស្របតាមចក្ខុវិស័យ និងគោលបំណងរបស់ថ្នាក់ដឹកនាំជំនាន់មុន»។

ចំណែក​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា៖«តាម​ពិត​ទៅ​សហព័ន្ធ​ត្រូវ​រៀបចំការបោះឆ្នោត​ជ្រើសតាំងប្រធាន​ និងគណ:កម្មាធិការប្រតិបត្តិនៃសហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់ កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ​២០២១-២០២៥ តាំង​ពី​ឆ្នាំ​២០២១មក​ម៉្លេះ​។ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩ រាតត្បាត​ខ្លាំង​​និង​ម៉្យាង​ដោយ​សារ​តែ​កៀក​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាមផង​​ ទើប​ធ្វើ​ឱ្យ​លើក​ពេល​មក​ដល់​ថ្ងៃ​នេះ​តែ​ម្តង»។

សូម​បញ្ជាក់​ថា​គិត​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​តាំង​ពី​ឆ្នាំ​១៩៩២ មក​​​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ​​ចំនួន​៣៨១​គ្រឿង ក្នុង​នោះ​មេដាយ​មាស​១១២​គ្រឿង មេដាយ​ប្រាក់ ១៣៣​គ្រឿង និង​មេដាយ​សំរឹទ្ធិ​​ចំនួន​១៣៦គ្រឿង និង​ថ្មីៗ​នេះ​ទទួល​បាន​មេដាយ​មាស​២គ្រឿង​បន្ថែម​ទៀត​ពី​កីឡា​ពិភពលោក The World Games ឆ្នាំ​២០២២ នៅ​សហរដ្ឋ​អាមេរិក៕

Share.