ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា
រូបថតដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិ​ការអន្ដរជាតិ បានឱ្យដឹងថាសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានខាងមុខនេះ កម្ពុជានឹងមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកចូលរួមប្រជុំនៅរាជធានីភ្នំពេញ។ ដូចកិច្ចប្រជុំមុនៗដែរ មូលហេតុត្រូវបានប្រមុខការទូតខ្មែរអះអាងថាដោយសារតែមិនមានកុងសង់ស៊ីស ឬមតិឯកច្ឆន្ទក្នុងចំណោមរដ្ឋមន្រ្ដីការបរទេសអាស៊ាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា​ AKP។

«រហូតមកដល់​ម៉ោង​នេះ អាស៊ាននៅអត់ទាន់មានកុងសង់ស៊ីសដដែល ហើយក្រសួងការបរទេស​ត្រូវបង្ខំចិត្ដផ្ញើ​លិខិតមួយទៅជូនឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសមីយ៉ាន់ម៉ា វ៉ុនណា ម៉ោងល្វីន ដោយសុំស្នើ​ឱ្យឯកឧត្ដមអញ្ជើញ ចាត់តាំងតំណាងមិនមែនជានយោបាយចូលរួមក្នុងកិច្ចប្រជុំរដ្ឋ​មន្រ្ដី​ការ​បរទេសអាស៊ានលើកទី៥៥ នាពេលខាងមុខនេះ»។ នេះជាប្រសាសន៍របស់​ប្រមុខការទូតកម្ពុជា ដោយអះអាងទៀតថា រដ្ឋមន្រ្ដីការបរទេសមីយ៉ាន់ម៉ា បានផ្ដល់ចម្លើយមកកម្ពុជាវិញថា មីយ៉ាន់ម៉ា មិនអាចចាត់តាំងអ្នកមិនមែននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំនេះបានទេ។

ដោយសារតែមានរយៈពេលជាង៣ខែ បន្ទាប់ពីថ្នាក់ដឹកនាំអាស៊ានទាំងអស់​បានទៅជួបជុំគ្នានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានទាំងអស់បានដាក់ចេញនូវព្រមព្រៀងជាឯកឆន្ទ ៥ចំណុច។ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដីបានពន្យល់ថា ក្នុងការចូលរួម​របស់រដ្ឋមន្រ្ដីការបរទេស​មីយ៉ាន់ម៉ា​នេះ គឺមេដឹកនាំអាស៊ានទាំងអស់ នៅរង់ចាំមើលថា តើការអនុវត្ដនូវកិច្ចព្រម​ព្រៀង៥ចំណុចនេះ នឹងសម្រេចចេញជាលទ្ធផលអ្វីខ្លះ ដើម្បីទុកលទ្ធភាពឱ្យរដ្ឋមន្រ្ដី​ការ​បរទេសមីយ៉ាន់ម៉ា ចូលរួមប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាននៅប្រទេសព្រុយណេនេះ។

សូមបញ្ជាក់ថាកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន​លើក​ទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងធ្វើឡើងនៅដើមខែសីហាខាងមុខនេះ នៅរាជធានីភ្នំពេញ។ មែនទែនទៅ មិនមែនជារឿងថ្មីទេ ដែលអាស៊ានមិនអញ្ជើញប្រមុខរដ្ឋរដ្ឋាភិបាល និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកចូលរួមប្រជុំដោយសារតែមិនអាចសំឡែងឯកច្ឆន្ទពីសមាជិកអាស៊ាន។ ដោយឡែក នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅកម្ពុជាកាលពីដើមឆ្នាំ២០២២នេះ ក៏កម្ពុជាមិនបានអញ្ជើញរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ាមកចូលរួមដែរ។ មីយ៉ាន់ម៉ាមិនចាត់តំណាងមកចូលរួមទេ ប៉ុន្តែបានស្នើសុំតាមដានកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ៕

Share.