បេក្ខជន ថុល សុភិទិ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនាពេលថ្មីៗនេះ បន្ទាប់ពីលោកបកស្រាយបទចម្រៀង «​មិន​អាច​ឃាត់​ទេ​» នាសប្ដាហ៍ទី ១ នៃវគ្គ Live Show ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol ។

ក្រោយការបកស្រាយរបស់បេក្ខជន ថុល សុភិទិ ចម្រៀងមួយបទនេះ ហាក់មានសន្ទុះការគាំទ្រខ្លាំងឡើង រហូតដល់ថ្នាក់ម្ចាស់បទចេញមករៀបរាប់នៅលើបណ្ដាញសង្គម។ លោក ម៉ម ពេជ្ជរិទ្ធ ដែលជាម្ចាស់បទ «​មិន​អាច​ឃាត់​ទេ​» បាននិយាយនៅលើហ្វេសប៊ុករបស់លោកថា ៖ « អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការស្រលាញ់គាំទ្របទ “មិនអាចឃាត់ទេ”❤️❤️ មានបងប្អូនដែលត្រូវសាច់រឿងប៉ុន្មាននាក់ដែរ ? 😂😂😂🙏»។

ភ្លាមៗនេះ គេស្រាប់តែឃើញលោក ថុល សុភិទិ ចូលទៅ Comment នៅពីក្រោមការបង្ហោះនោះថា ៖ «ត្រូវសាច់រឿងខ្ញុំដែរ ថាលេង»។ Comment នេះបានធ្វើឱ្យហ្វេនសង្ស័យថា ភិទិ ប្រហែលជាធ្លាប់ឆ្លងកាត់រឿងខូចចិត្តហើយ បានជាស្រឡាញ់នឹងចូលចិត្តបទនេះខ្លាំង ហើយយកមកបកស្រាយនៅលើឆាកថែមទៀត។

ដោយឡែក ម្ចាស់បទក៏នៅតែបន្តបង្ហោះសារខ្លីមួយទៀតដែលលោកលើកឡើងថា ៖ «សូមអរគុណបងប្អូនទាំងអស់គ្នាដែលស្រលាញ់គាំទ្រចម្រៀងមួយបទនេះ ក៏សូមអធ្យាស្រ័យដែលខ្ញុំបាទ មិនទាន់បានត្រៀម រៀបចំចេញចម្រៀងនេះជាផ្លូវការ តែយ៉ាងណា ខ្ញុំបាទ និង ព្យាយាមផលិត អោយបាន ឆាប់ក្នុងពេលខាងមុខនេះ សូមរង់ចាំទាំងអស់គ្នា ❤ #មិនអាចឃាត់ទេ #ម៉មពេជ្ជរិទ្ធ»។

សូមជម្រាបថា រហូតមកទល់ពេលនេះបទ «​មិន​អាច​ឃាត់​ទេ​» មានអ្នកចូលទស្សនាដល់ទៅជិត ៨ ពាន់នាក់ទៅហើយនៅលើយូធូប៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Share.