អ៊ុយក្រែនមានបំណងសុំពន្យាពេលការសងប្រាក់កម្ចីអឺរ៉ូទាំងដើម ទាំងការ ក្នុងរយៈពេល ២៤ខែ គឺចាប់ពីថ្ងៃទី ១ ខែ សីហា នេះបើយោងតាមដំណោះស្រាយរបស់រដ្ឋាភិបាលដែលប្រកាសនៅថ្ងៃ ពុធ សប្ដាហ៍នេះ។
រដ្ឋាភិបាលដែលព្យាយាមដោះស្រាយផលប៉ះពាល់នៃការលុកលុយនៅថ្ងៃទី ២៤ ខែ កុម្ភៈ របស់រុស្ស៊ីបានណែនាំឲ្យក្រសួងហិរញ្ញវត្ថុឲ្យធ្វើការចរចាជាមួយនឹងម្ចាស់បំណុលលើការពន្យាពេលការទូទាត់នៅត្រឹមថ្ងៃទី ១៥ ខែ សីហា និង សន្យាបន្ថែមការប្រាក់លើការទូទាត់ដែលត្រូវបានពន្យាពេលនោះផងដែរ។

ទន្ទឹមនោះ រដ្ឋាភិបាលក៏គ្រោងនឹងពន្យាពេលការទូទាត់លើការធានាដែលទាក់ទងនឹង GDP ទៅខែ សីហា ឆ្នាំ ២០២៤ វិញផងដែរ ពោលគឺចាប់ពីខែ ឧសភា ឆ្នាំ ២០២៣ តទៅ។
លោក ទីម៉ូហ្វី ម៉ាយ៍ឡូវ៉ានូវ (Tymofiy Mylovanov) ទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែនក៏បានជំរុញឲ្យដៃគូបរទេសបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេសម្រាប់អ៊ុយក្រែន ដើម្បីជួយប្រទេសនេះទប់ស្កាត់វិបត្តិក្នុងស្ថានភាពដែលការចំណាយបានកើនឡើងយ៉ាងខ្លាំងដោយសារតែសង្រ្គាម ខណៈដែលប្រាក់ចំណូលកំពុងដាំក្បាលចុះក្រោមជាលំដាប់។

សូមជម្រាបថា អ៊ុយក្រែនទទួលប្រាក់កម្ចីពីបរទេសដែលមានតម្លៃប្រហែល ១៩.៥ពាន់លានដុល្លារ ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៣៣ ហើយបានកំណត់លក្ខខណ្ឌពន្យាពេលសងរហូតឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥។
ស្របពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងការសងបំណុលបរទេសជាកំណត់ត្រាក្នុងខែ កញ្ញា ពោលគឺចំនួន ១.៩៣ពាន់លានដុល្លារអាមេរិក ខណៈចំណូលថវិការដ្ឋអាចគ្រប់គ្រងត្រឹមតែ ១ភាគ៣ ប៉ុណ្ណោះនៃតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស៕

