ភ្នំពេញ៖បុរសម្នាក់ បើករថយន្តម៉ាស្ដាមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-7379 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចខាងមុខមន្ទីរពេទ្យកុមារជាតិ ក៏បត់ឆ្វេងមិនប្រយ័ត្ន ត្រូវបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DG-1484 ធ្វើដំណើរស្របទិសគ្នា មកបុកពេញទំហឹងបណ្ដាលអោយរថយន្ដរងការខូចខាតទ្វាផ្នែកខាងមុខ។ ឯម៉ូតូខ្ទាតចូលក្រោមរថយន្ដ អ្នកបើកបរជាមួយអ្នករួមដំណើរពីក្រោយរបួសធ្ងន់ គាបជាប់ក្រោមរថយន្ត ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 1:40 យប់រំលងអធ្រាត្រឈានចូលថ្ងៃទី 21 ខែកក្កដា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្តនិងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.