កណ្តាល ៖ បុរសចំណាស់ម្នាក់ ខណៈដែលមិនស្រួលខ្លួន ចេញទៅកាច់ឈូកនិងរកត្រី បែជាដួលផ្កាប់មុខឈ្លក់ទឹកស្លាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ប្រាប់ក្រុមគ្រួសារទៅលើដាក់ទូកអូសយកដាក់លើគោក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ខុន ទូច ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
តាមការបំភ្លឺពីកូនស្រីរបស់ជនរងគ្រោះ ឈ្មោះ ខុន គន្ធា អាយុ២៤ឆ្នាំ បាមឲ្យដឹងថា ឪពុក(ជនរងគ្រោះ)បានចេញពីផ្ទះ នៅវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ហើយគាត់បានប្រាប់ផងដែរថា មិនសូវស្រួលខ្លួន តែទោះជាយ៉ាងណា ជាទម្លាប់របស់គាត់ទៅហើយ ចេញទៅរកកាច់ឈូក និងរកត្រី នៅដីចំការខ្លួនឯង រហូតដល់វេលាម៉ោង១១និង០៥នាទីថ្ងៃដដែល ត្រូវបានអ្នកភូមិមកប្រាប់ប្រទះឃើញឪពុកដេកស្លាប់ផ្កាប់មុខ ទើបនាំគ្នាឆោឡោ ទៅលើកដាក់ទូក អូសយកមកលើគោក ហើយរាយការណ៍ប្រាប់សមត្ថកិច្ច។

សពជនរងគ្រោះឆ្លងកាត់ការពិនិត្យកោសលវិច័យ ឃើញថាស្លាប់ដោយសារឈ្លក់ទឹកខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុង សែនជ័យ

