ស្វាយរៀង ៖ រថយន្តដឹកសំរាមមួយគ្រឿង បើកបត់ឆ្វេងមិនប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តPRADO បណ្តាលឲ្យក្រឡាប់រងរបួស៣នាក់ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តដឹកសំរាម ម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ភឹម សំអាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តនិងអ្នករួមដំណើរឈ្មោះយៀង សំអាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករប្រមូលសំរាម រស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកភាគីចាងរថយន្ត PRADO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5080 បើកបរដោយឈ្មោះ ហ្សេន ឡៃម៉ាន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងអញ្ចាញចាស់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមដំណើរជាមួយ២នាក់ទៀត ។

ប្រភពបន្តទៀតថា មុនកើតហេតុ រថយន្តដឹកសំរាមបើកពីលិចទៅកើត ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ ជ្រុលទៅបុករថយន្តPRADO ប្រើពីកើតទៅលិចច្រាសទិសគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួស៣នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ដឹកយកទៅគ្លីនិកសោភ័ណ្ឌអូរវ៉ាង ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រងចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ÷តាតុង សែនជ័យ
