ភ្នំពេញ ៖ ស្ត្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកបុកពីក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង២នាក់ អ្នកបើកកុងតឺន័រក្រោយឃើញសភាពមិនស្រួល បើកទ្វារចុះរត់គេចខ្លួនបាត់ ទុកតែរថយន្តចោលនៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើកើតឡើង
កាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1P-3993 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បង្អន់ល្បឿនដោយសារ មានយានឆ្លងកាត់ ស្របពេលនោះស្រាប់តែរថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2086 អូសសណ្តោងរុឺម៉កផ្ទុកទូកុងតឺន័ត ពាក់ស្លាកលេខ ព្រះសីហនុ 4A-1060 បើកពីលិចទៅកើត ជ្រុលបុកពីក្រោយ បណ្តាលឲ្យដួលរងរបួសជើងធ្ងន់ទាំង២នាក់ ភ្លាមៗអ្នកបើកបររថយន្តឃើញសភាពមិនស្រួល ចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ខាងលើ ស្ត្រីរងគ្រោះ ស្ថិតក្នុងសភាពរបួសជើងធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅព្យាបាល ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ សម្រួលចរាចរ និងប្រគល់ឲ្យជំនាញវាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.