បន្ទាយមានជ័យ៖ តៃកុងឡានវត្តម្នាក់ បានលួចយកឡានវត្តទៅលក់ 300.000បាត (បីសែនបាត) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានទាំងរថយន្តបានមកវិញ ហើយបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី21 ខែកក្តដា ឆ្នាំ2022។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ807 បានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ផាត វ៉ានី ភេទប្រុសអាយុ34ឆ្នាំ(មុខរបជាអ្នកបើកឡានវត្តស្ទឹងបត់) រស់នៅភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោកបានបន្តថា កាលពីថ្ងៃទី20 ខែកក្តដា ឆ្នាំ2022 ព្រះសង្ឃវត្តអូរខៃដន បានជូនដំណឹងតាមបណ្តាញសង្គមហ្វេសបុកថា បានបាត់រថយន្តម៉ាក់លុចស៊ីស RX.300ចំនួន1គ្រឿងពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2AK.3150 ដែលត្រូវបានលួចយកទៅបាត់ សុំជួយអន្តរាគមន៍រកមកវិញ។

ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨០៧ បានប្រទះឃើញរថយន្តដែលមានភិនភាគខាងលើ រួចបានឃាត់ទាំងអ្នកបើកបរ និងរថយន្តទុកដើម្បីសាកសួរនៅវេលាម៉ោង7.30នាទីយប់កាលថ្ងៃទី20 ខែកក្តដា ឆ្នាំ2022 នៅចំណុចភូមិ/ឃុំគោករមៀត ស្រុកថ្មពួក។

តាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយកម្លាំងអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលការពារព្រំដេនគោកលេខ807 ឃាត់ខ្លួនជនសង្ស័យ ១នាក់ ដែលលួចរថយន្ត១គ្រឿង របស់ព្រសង្ឃគង់វត្តអូរខៃដន ហើយបានបញ្ជូនមកសាកសួរតាមចម្លើយសារភាពជនសង្ស័យទើបមកនៅវត្តស្ទឹងបត់រយៈពេល1ខែហើយព្រះអោយបើករថយន្តរយៈពេល1សប្តាហ៍បានលួចរថយន្តយកទៅលក់តំលៃ300.000បាត (បីសែនបាត) ត្រូវបានសមកិច្ចចាប់ និងយករថយន្តបានមកវិញប្រគល់ជូនព្រះសង្ឃហើយជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕
អត្ថបទ៖ ប៉ោយប៉ែត

