ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់កំពុងឆ្លងកាត់ទទឹងផ្លូវ ត្រូវបានម៉ូតូមួយគ្រឿងទៀតបើកបុក បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងឆ្វេងម្នាក់ ចំណែក២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-5760 ជិះដោយបុរសម្នាក់ ចេញពីក្នុងភូមិ ឆ្លងកាត់ទទឹងផ្លូវជាតិលេខ៣ ពីកើតទៅលិច ស្របពេលដែលភាគីខាងម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-3632 ជិះដោយបុរស២នាក់ ល្បឿនលឿនពីត្បូងទៅជើង គេចមិនទាន់ក៏ជ្រុលបុក បណ្តាលឲ្យភាគីខាងម៉ូតូសេរី២០១៥ រងរបួសធ្ងន់បាក់ជើងឆ្វេង ចំណែកភាគីខាងម៉ូតូ២០១៩ រងរបួសស្រាល គ្រាន់តែរលាត់ដៃជើង។

ករណីខាងលើ ជនរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ រីឯមធ្យោបាយទាំង២គ្រឿងរងខូចខាត ត្រូវបានសមត្ថកិច្ចវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

អត្ថបទ ៖ តាតុង សែនជ័យ

Share.