លោក Dinesh Gunawardena បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ស្រីលង្កាទី១៥ នៅសភានាថ្ងៃ សុក្រ នេះ ក្រោយការតែងតាំងដោយលោកប្រធានាធិបតីថ្មី Ranil Wickremesinghe។

នេះជាការតែងតាំងដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីនៅថ្ងៃដំបូង របស់លោកនៅការិយាល័យប្រធានាធិបតី លោក Wickremesinghe បានតែងតាំងមិត្តរួមថ្នាក់របស់លោកគឺ Gunawardena ឲ្យមកកាន់តំណែងដែលធ្លាប់ជាកន្លែងរបស់ខ្លួន។

លោក Gunawardena ដែលជាសមាជិកសភាមកពីគណបក្ស SLPP បានធ្វើការសច្ចាចូលកាន់តំណែងរបស់លោក នៅក្នុងរដ្ឋធានីកូឡុំបូ ក្រោមវត្តមានលោក Wickremesinghe និងបណ្តាសមាជិកសភាជាន់ខ្ពស់ដទៃៗទៀត។ មន្រ្តីជាន់ខ្ពស់មួយរូប នៃការិយាល័យប្រធានាធិបតីស្រីលង្កាបានប្រាប់ថា គណៈរដ្ឋមន្រ្តីក៏នឹងត្រូវស្បថចូលកាន់តំណែង នាថ្ងៃសុក្រនេះដូចគ្នាផងដែរ។

គួរជម្រាបថា ការតែងតាំងលោក Gunawardena បានកើតឡើងជាច្រើនម៉ោង បន្ទាប់ពីកងកម្លាំងសន្ដិសុខបានបោសសំអាតជំរុំអ្នកតវ៉ាមួយនៅជិតវិមានប្រធានាធិបតីក្នុងរដ្ឋធានី កូឡុំបូ និង ធ្វើការចាប់ខ្លួនក្រុមបាតុករជាច្រើននាក់ ដែលពួកគេបានប្រមូលផ្ដុំគ្នាតវ៉ាអស់រយៈពេលជាង ១០០ថ្ងៃ៕

