ស្វាយរៀង ៖ លំនៅដ្ឋានពលរដ្ឋមួយខ្នងក្លាយជាចំណីអគ្គិ ដោយសារទុស្សេចរន្តភ្លើងនៅក្នុងផ្ទះ បង្កឲ្យភ្ញាក់ផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ផ្ទះទទួលរងគ្រឿងឆេះ សង់ពីឈើលើ បនរក់ស័ង្កសី ថ្មក្រោម ទំហំ៦ម៉ែត្រx៧ម៉ែត្រ មានម្ចាស់
ឈ្មោះ មាស មុន្នី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សៅ សិរី អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ ។ សម្ភារបាត់បង់ អស់ប្រាក់ចំនួន២០.០០០ដុល្លា(ពីរម៉ឺនដុល្លារអាមេរិក), អង្ករ២បាវ ស្រូវ១០បាវ ទូតាំង១ ទូដាក់ខោអាវ២ និងសម្ភារមួយចំនួនទៀតខណៈមាសចំនួន៣តម្លឹងម្ចាស់ផ្ទះរកឃើញវិញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលម្ចាស់ផ្ទះកំពុងលក់ដូរអីវ៉ាន់ដូចសព្វដង ខណៈនោះស្រាប់តែមានផ្សែងហុយចេញពីក្នុងផ្ទះដោយមានអណ្ដាតភ្លើងផងទើបបង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ៕

អត្ថបទ÷តាតុង សែនជ័យ
