ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួនមិនបង្អង់ក៏ជ្រុលទៅបុករថយន្តLexus LX570 បើកឆ្លងផ្លូវចំពីចំហៀងយ៉ាងពេញទំហឹង វិលមួយជុំ រួចបន្តទៅបុករថយន្ត Ford Ranger ចតស្ងៀមនៅមុខផ្ទះមួយគ្រឿងទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៥១កែងនឹងផ្លូវ ១៣៦ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីអនកនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AL-9788 បើកបរតាមបណ្តោយផ្លូវ ៥១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកLexus LX570 បើកឆ្លងផ្លូវចំពីចំហៀងខាងឆ្វេងផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលអោយរថយន្តវិលមួយជុំ រួចបន្តទៅបុកផ្ទប់រថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកFord Rangerពីចំហៀងខាងស្តាំរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ ក្រាន់តែខូចខាតរថយន្ត ៣គ្រឿងតែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការណ៍ជាមួយនិងផ្នែកជំនាញបានចុះមកដល់កន្លែងកើតហេតុ រួចអោយភាគីទាំងសង្ខាងសម្រួលគ្នា ដោយភាគីរថយន្តបង្កព្រមសងជាសំណងទៅលើរថយន្តរងគ្រោះទាំង២គ្រឿងដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។
អត្ថបទ÷ ទូច វិច្ឆិកា
