ភ្នំពេញ ៖ ជនជាតិស្បែកខ្មៅ នីហ្សឹរីយ៉ាម្នាក់ ដែលក្រសួងសុខាភិបាលប្រទេសថៃរកឃើញវិជ្ជមាន អុតស្វា ហើយបានរត់គេចចេញពីមន្ទីរពេទ្យប្រទេសថៃ បាត់ខ្លួនកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មិនដឹងថាទៅដល់ទីណា ហើយខាងសមត្ថកិច្ច អាជ្ញាធរថៃក៏ប្រកាសស្វែងរកផងដែរ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មានព័ត៌មានថា ជនជាតិស្បែកខ្មៅរូបនេះ ឆ្លងដែនចូលប្រទេសកម្ពុជា សង្ស័យនៅក្នុងខេត្តព្រះសីហនុ ស្រាប់តែមកដល់វេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ប្រទះឃើញជនជាតិខាងលើ កំពុងសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង តាមផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនជាតិស្បែកខ្មៅខាងលើមានឈ្មោះ NZEREM OSMOND CHIHAZIRIM ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា កាន់លិខិតឆ្លងដែនលេខ 143283NDA ។ ប្រភពបន្តទៀតថា បុរសជនជាតិនីហ្សេរីយ៉ារូបនោះ បានចូលទៅប្រទេសថៃ តាំងតែពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយបានស្នាក់នៅខុនដូមួយកន្លែង ក្នុងក្រុងផាតុង (Patong) នៃកោះភូកេត ចាប់ពីខែវិច្ឆិកា ឆ្នាំមុន រហូតមក ។

ក្រោយពីក្រសួងសុខាភិបាលប្រទេសថៃ រកឃើញវិជ្ជមាន ជម្ងឺអុតស្វា លើបុរសជនជាតិនីហ្សេរីយ៉ារូបនេះ បែជារត់គេចខ្លួនបាត់ពីមន្ទីរពេទ្យប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្រាប់តែនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ប្រទះឃើញកំពុងសង្ងំលាក់ខ្លួននៅផ្ទះសំណាក់ពណ៌មាស ស្ថិតនៅក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌខំការមន រាជធានីភ្នំពេញ ទៅវិញ ក្រោយពីអាជ្ញាធរ សមត្ថកិច្ច ក្រសួងសុខាភិបាល កម្ពុជាប្រកាស សហការស្វែងរកជនខាងលើរួចមក ។

ក្រោយពីរកឃើញ សមត្ថកិច្ច សហការជាមួយក្រសួង មន្ទីរសុខាភិបាល នាំខ្លួនជនជាតិស្បែកខ្មៅខាងលើចេញពីផ្ទះសំណាក់ហើយ ដើម្បីអនុវត្តិវិធានការសុខាភិបាលជាបន្ត នៅមន្ទីរពេទ្យរុស្សុី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.