កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបន្លំខ្លួនធ្វើជាកម្មករចូលទៅធ្វើសកម្មភាពលួចម៉ូតូក្នុងរោងចក្រ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅរោងចក្រសាន់បូ ក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យមានឈ្មោះ ឈន ឈៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មានទីលំនៅភូមិ អន្លង់តាសេកលេី ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានឈ្មោះ ចេង ចាន់ថន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JI-1990 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្រោយពីហូបបាយរួចជិះម៉ូតូទៅធ្វើការរោងចក្រវិញ ដោយយកម៉ូតូចតទុកនៅកន្លែងដាក់ម៉ូតូ ហើយចូលទៅធ្វើការបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យបន្លំខ្លួនធ្វើជាកម្មករ ចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះ បណ្តើរចេញក្រៅ ត្រូវបានសន្តិសុខសាកសួរ ជនសង្ស័យប្រាប់ថាម៉ូតូអស់សាំង លុះសួររកកូនសោ អត់មាន បែជាផ្តួលម៉ូតូចោលហើយរត់គេច រាយការណ៍ទៅសមត្ថកិច្ច ដេញស្ទាក់ចាប់ឃាត់បានជនសង្ស័យ ។

បន្ទាប់ពីចាប់ខ្លួនបាន សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់រងគ្រោះយកទៅប្រើប្រាស់វិញ ៕
អត្ថបទ÷តាតុង សែនជ័យ
