ភ្នំពេញ ៖ ស្ត្រីម្នាក់ខាតទាំងខ្លួនប្រាណ អស់ទាំងទ្រព្យសម្បត្តិ បន្ទាប់ពីជនសង្ស័យមួយក្រុមគ្នា៣នាក់ ណាត់ទៅរកហូបអី ហើយឌុបយកទៅកន្លែងស្ងាត់ ចាប់រំលោភបូកបានសម្រេចទាំង៣នាក់ហើយ ប្លន់យកម៉ូតូ គ្រឿងអលង្ការ ទូរស័ព្ទ រួចនាំគ្នាគេចខ្លួនបាត់អស់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវលំ វាលស្រែ ក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះ សុំមិនបញ្ចេញឈ្មោះ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រៅពីខាតបង់ខ្លួនប្រាណ ជនរងគ្រោះ អស់ម៉ូតូមួយគ្រឿង ម៉ាកBeat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IF-8117 ទូរស័ព្ទដៃ I phone 11 pro max គ្រឿងអលង្ការប្លាកទីន ខ្សែក ក្រវិល ចិញ្ចៀន កងដៃ ។
តាមប្រភបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ស្គាល់ជនសង្ស័យតាមរយៈ Bigo live។ ជនសង្ស័យឆាតណាត់បបួលទៅរកហូបអីនៅម្តុំទួលពង្រ សង្កាត់ចោមចៅទី១ បានជួបហើយជនសង្ស័យគ្នា៣នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ហើយមានម្នាក់ដណ្តើមសុំឌុបស្ត្រីរងគ្រោះ ជិះចាកចេញពីម្តុំទួលពង្រ មកដល់ចំណុចកន្លែងកើតហេតុ យប់ងងឹតស្ងាត់ គំរាមចាប់រំលោភបូក បានសម្រេចទាំង៣នាក់ហើយ ច្របាច់ក គំរាមប្លន់យក ម៉ូតូ គ្រឿងអលង្ការអស់ពីខ្លួន ហើយក្រុមជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់ ផ្អើលប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយមកសមត្ថកិច្ចបានចុះទៅពិនិត្យ ប្រទះឃើញវត្ថុតាត ខោអាវក្នុង ចោលនៅនឹងដី ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចឌុបនាំយកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីបន្តស្រាវជ្រាវ ៕

អត្ថបទ៖តាតុង សែនជ័យ
