សៀមរាប ៖ ស្ត្រីម្នាក់ និងកូនប្រុសម្នាក់ បានស្លាប់ បន្ទាប់ពីជិះម៉ូតូទៅរកកាប់ឫស្សី វិលមកវិញ ជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកស្រះ បណ្តាលឲ្យលង់ឈ្លក់ស្លាប់ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ មានឈ្មោះ ធឿង ឈីអឺ ភេទស្រីអាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាម្តាយ និងឈ្មោះ ធន់ សុវណ្ណបញ្ញា ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន មានទីលំនៅភូមិប្រយុទ្ធ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបន្តទៀតថា ក្រោយសាកសួរ និងបំភ្លឺពីក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺផ្លូវចិត្ត ធ្លាប់ទៅពេទ្យផងដែរ ហើយមុនកើតហេតុ ជនរងគ្រោះ បបួលកូនប្រុសទៅរកកាប់ឫស្សី នៅក្រៅភូមិចំងាយពីផ្ទះ ប្រហែល ៦០០ម៉ែត្រ ដើម្បីយកធ្វើជារបង តែកាប់មិនបាន ដោយសារកាំបិតផ្គាក់មិនមុត ក៏ជិះម៉ូតូឌុបកូនវិលមកផ្ទះវិញ។ លុះចំណុចស្រះទឹកបុរាណ ទើបនឹងស្តារហើយថ្មីៗ ជនរងគ្រោះជិះម៉ូតូជ្រុលចង្កូតធ្លាក់ចូលទឹកស្រះ លង់ លិចបាត់ ត្រូវបានក្មួយប្រុសម្នាក់ទៀតជិះកង់ ឃើញ ទៅប្រាប់បងប្អូន អ្នកភូមិ ផ្អើលឆោឡោ ចុះរាវរហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ទើបប្រទះឃើញសពទាំង២នាក់ម្តាយកូន ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ឃើញថាស្លាប់ដោយសារលង់ឈ្លក់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.