ភ្នំពេញ ៖ មនុស្សប្រុសស្រីមួយក្រុមចំនួន៧នាក់ ជាកម្មកររោងចក្រ នាំគ្នាអង្គុយផឹកសុីលើផ្លូវដែក ស្រវឹងទោទន់ គាប់ជួនរថភ្លើងបើកមកហើយមិននាំគ្នាងើបគេច ទើបបណ្តាលឲ្យបុកកិនរងរបួសធ្ងន់៣នាក់ ស្រី១នាក់ ដាច់ដៃនិងដាច់ជើង ចំណែក៤នាក់ទៀតខ្ទាតចេញផុត ទើបមិនមានរបួស ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅលើផ្លូវដែក ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ ស្រី១នាក់ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល ក្បែរនឹងកន្លែងកើតហេតុ ក្នុងសភាពរបួសធ្ងន់ធ្ងរ ដាច់ដៃ និងដាច់ជើង ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញមនុស្សមួយក្រុមមានបនរុស ស្រី ចំនួន៧នាក់ និងមានម៉ូតូ២គ្រឿង នៅអង្គុយផឹកសុីផ្តុំប្រជុំគ្នាលើផ្លូវដែក ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថភ្លើងខ្សែដឹកទំនិញ ពីខេត្តព្រះសីហនុចូលរាជធានីភ្នំពេញ បើកទាំងភ្លើង សុីផ្លេទៀត ខណៈដែលកាន់តែខិតជិតចូលដល់ភូមិ ប្រជុំជន ក៏ប៉ុន្តែវត្តមានក្រុមអ្នកផឹកសុី មិនដឹងថាពួកគាត់គិតឃើញយ៉ាងដូចម្តេច សន្ធឹក សម្លេង កងរំពងប៉ុណ្ណឹងហើយ មិននាំគ្នាងើបចេញ ទីបំផុត រថភ្លើងបើកបុកកិន បណ្តាលឲ្យរងរបួស៣នាក់ ស្រី១នាក់។ ចំណែក៤នាក់ទៀតខ្ទាតចេញផុត ។

ភ្លាមៗរថភ្លើងមិនបានឈប់នោះទេ បន្តដំណើរចូលស្ថានីយ នៅក្នុងរាជធានីភ្នំពេញបាត់ បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ តែដោយសភាពធ្ងន់ធ្ងរពេក បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ករណីខាងលើនេះផងដែរ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ជំនាញចុះទៅសាកសួរ ពិនិត្យដល់កន្លែង រួចយកម៉ូតូទាំង២គ្រឿងរបស់ជនរងគ្រោះ បន្សល់ទុកនៅកន្លែងកើតហេតុ យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖តាតុង សែនជ័យ
