បើតាមអ្នកនាំពាក្យខុទ្ទកាល័យ លោក Bandula Gunawardena បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ អង្គារ ទី ២៦ ខែ កក្កដា ថា អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកប្រទេសវិញ ប៉ុន្ដែកាលបរិច្ឆេទនៃការវិលត្រឡប់របស់លោកគឺមិនត្រូវបានឲ្យដឹងនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២២នេះ។

អតីតមេដឹកនាំរូបនេះ បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា ក្រោយមានភាពចលាចលយ៉ាងខ្លាំងក្លា ជុំវិញវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលកើតមានក្នុងប្រទេស ដោយប្រទេសបានខ្វះខាតនូវប្រេងឥន្ទនៈ ស្បៀងអាហារ និង ថ្នាំពេទ្យជាដើម។

ក្រុមបាតុករជាច្រើនបាននិយាយថា ពួកគេមិនពេញចិត្តនឹងការដឹកនាំរបស់លោក Rajapaksa នោះទេ ព្រោះតែលោកបានគ្រប់គ្រងហិរញ្ញវត្ថុរបស់ជាតិខុស ដែលនាំឲ្យសេដ្ឋកិច្ចរបស់ប្រទេសធ្លាក់ដាំដូង និង បានធ្វើឲ្យតម្លៃទំនិញសំខាន់ៗ ឡើងថ្លៃ។

លោក Rajapaksa បានចាកចេញពីប្រទេសស្រីលង្កានៅថ្ងៃទី ១៣ ខែ កក្កដា ទៅកាន់ប្រទេស Maldives មុនពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី ១៤ ខែ កក្កដា។ លោកបានចាកចេញទាំងមិនទាន់បានលាលែងពីតំណែង មុនពេលដែលសភាស្រីលង្កា ជ្រើសរើសបេក្ខភាពប្រធានាធិបតីថ្មីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២។

ក្រោយមកលោកអតីតប្រធានាធិបតីរូបនេះបានផ្ញើលិខិតលាលែងពីតំណែងមកសភា និង ទទួលយកជាផ្លូវការដោយគណៈរដ្ឋមន្រ្តីស្រីលង្កានៅថ្ងៃទី ១៥ ខែ កក្កដា តាមសំណើរដែលលោកបានសន្យាថានឹងលាលែងពីតំណែង។

ក្រោយពីចាកចេញពី Maldives ទៅកាន់ប្រទេសសិង្ហបុរី លោក Rajapaksa ត្រូវបានសិង្ហបុរីអះអាងថា លោកមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយឡើយ ខណៈក្រុមសកម្មជនស្រីលង្កាអំពាវនាវឲ្យអាជ្ញាធរសិង្ហបុរីចាប់ខ្លួនអតីតប្រធានាធិបតីរូបនេះ។

ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មាន Bloomberg បានដកស្រង់សំដីមន្រ្តីស្រីលង្កាដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Rajapaksa ចង់ត្រឡប់មកប្រទេសកូឡុំបូវិញ ក្រោយពីចាកចេញពីសិង្ហបុរី៕

ប្រភព៖ BBC

Share.