កំពង់ធំ៖ ត្រីមេពូជ និងកូនត្រីចូល អាងទឹកអូមៀន ស្ថិតនៅក្នុងភូមិភូមិជាំផលសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានប្រលេងចូលក្នុងអាងទឹកអូរមៀន នៅព្រឹក២៨ខែ កក្កដា ឆ្នាំ ២០២២ ក្រោមការអញ្ជើញចូលរួមពីអភិបាលខេត្ត អភិបាលស្រុក មន្ទីរអង្គភាព មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៥០០នាក់។

លោក ប៉ែន វណ្ណរឹទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាពិធីលែងត្រីមេពូជជាប្រភេទត្រីស្រែមានចំនួន១១០គ.ក ចំណែកកូនត្រី៦០០០០ក្បាល ក្នុងនោះមានត្រីឆ្ពិន២៥០០០ក្បាល ត្រីក្រហែ២៥០០០ក្បាល ត្រីព្រលូង១០០០០ក្បាលក្នុងឆ្នាំនេះ.បន្ទាប់ពីមានការខកខានមិនបានប្រារព្វពិធីរយះពេល២ឆ្នាំកន្លងមកនេះ ដោយសារតែបញ្ហាវិបត្តិជម្ងឺកូវិត១៩ តែក្នុងនោះក៏មានការព្រលែងក្នុងសហគមន៍ស្រះជម្រកត្រី លក្ខណៈតូចៗ ដោយផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន តម្រូវឲ្យរៀបចំស្រះជម្រកត្រីសហគមន៍ ឲ្យបានមួយកន្លែង ក្នុង១ឃុំ ឥឡូវនេះខណ្ឌបង្កើតបានចំនួន៥៩កន្លែង លើ៨១ ឃុំនៃខេត្តកំពង់ធំ។

បច្ចុប្បន្នបានរៀបចំក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបចំនួន២ក្រុម ដាក់ទីបញ្ជាការស្រាលចំនួន២កន្លែងនៅបឹងទន្លេសាបដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ជាពិសេសយកចិត្តទុកដាក់ការពារកន្លែង អភិរក្សជលផល មិនឲ្យមានការលួចចូលធ្វើនេសាទអាណាធិបតេយ្យឡើយ និងទប់ស្កាត់បង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកនិងការស្តា ដីព្រៃលិចទឹកឡើងវិញ ខណ្ឌរដ្ឋបាលជលផលបានរៀបចំថ្នាលបណ្តុះកូនឈើចំនួន១១ថ្នាល បណ្តុះកូនឈើបានជាង១០០ ០០០ដើម ដាំកូនឈើស្តាដីព្រៃលិចទឹកបានចំនួន១៨ ០៥៩ ដើម លើផ្ទៃដី៩៤.៦០ហិចតា រួមទាំងបានដាក់ស្លាកហាមចូលកាប់ទន្ទ្រានព្រៃលិចទឹក(តំបន់៣)បានចំនួន៦០ស្លាកផ្សព្វផ្សាយនៅតាមទីប្រជុំជននានា អំពីការហាមឃាត់ប្រព្រឹត្តបទល្មើសនេសាទ ។

.ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យសមហាជន កងកម្លាំង មន្រ្តីរាជការសិស្សានុសិស្ស ប្រជាពលរដ្ឋ មានស្មារតីចូលរួមការពារអភិរក្ស និងអភិវឌ្ឍធនធានជលផលឲ្យបានយល់ជ្រួតជ្រាប ដល់គ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្ត្រីរាជការស្ថាប័នរដ្ឋ និងឯកជនជាពិសេសកូនចៅជំនាន់ក្រោយ សំដៅធានាដល់ការគ្រប់គ្រង និង ការប្រើប្រាស់ធនធានជលផល ឲ្យមាននិរន្តរភាពតាមយុទ្ធសាស្ត្រកំណែទម្រង់វិស័យជលផល ដ៏ស៊ីជម្រៅរបស់រាជ រដ្ឋាភិបាលកម្ពុជានាសម័យកាលនេះ ៕

អត្ថបទ៖ ភ្នាក់ងារកំពង់ធំ

