ថៃបានប្រកាសថា អ្នកជំងឺអុតស្វាទី២ ជាបុរសជនជាតិថៃ អាយុ ៤៧ឆ្នាំ មានប្រវត្តិរួមភេទជាមួយជនបរទេស។ បុរសនោះ មិនមានទំនាក់ទំនងជាមួយបុរសជនជាតិនីហ្សេរីយ៉ាឡើយ នេះបើតាមការអះអាងរបស់គ្រូពេទ្យប្រចាំប្រទេសថៃ និង ការចុះផ្សាយដោយសារព័ត៌មាន CH7 របស់ប្រទេសថៃ នាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២នេះ។

ចំពោះអ្នកជំងឺទី២នេះ ចាប់ផ្តើមមានរោគសញ្ញានៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២២ បន្ទាប់មក ២ថ្ងៃក្រោយ បានចាប់ផ្តើមក្តៅខ្លួន ឈឺក្នុងខ្លួន កូនកណ្តុររីកធំ ហើយ១សប្តាហ៍ក្រោយមក មានកន្ទួលលើប្រដាប់ភេទ ក្បាលពោះ មុខ និង កន្លែងផ្សេងៗលើដងខ្លួន។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យ និង តាមដានអ្នកប៉ះពាល់ ដើម្បីពិនិត្យ និង តាមដានរោគសញ្ញារយៈពេល ២១ថ្ងៃ។

ដោយឡែក ខាងអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺនៅប្រទេសថៃបានបន្ថែមថា សម្រាប់បុរសជាអ្នកជំងឺទី២នេះ មានប្រវត្តិរស់នៅក្នុងទីក្រុងបាងកក ដោយបុរសនោះបាន ប៉ះផ្ទាល់ជាមួយមនុស្ស ១០នាក់ ផ្សេងទៀត។

ទោះជាយ៉ាងណាក្រុមស៊ើបអង្កេត កំពុងស្វែងរក និង ទាក់ទងបន្ថែមជាបន្ទាន់ទៅកាន់អ្នកទាំង ១០នោះ ដើម្បីធ្វើតេស្ដរកមេរោគហើយ ត្រូវសង្កេតមើលអាការៈរយៈពេល ២១ថ្ងៃ ផងដែរ៕

ប្រភព៖ CH7 News

Share.