អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel V. Ramos បានទទួលមរណភាពក្នុងអាយុ ៩៤ឆ្នាំ នេះបើយោងតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់លោកនៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃ អាទិត្យ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២ ។
ចៅប្រុសរបស់លោក Ramos ឈ្មោះ Sam Ramos-Jones បាននិយាយថា «គ្រួសារត្រកូល Ramos មានការសោកស្ដាយជាក្រៃលែង ក្នុងការប្រកាសពីការស្លាប់របស់លោកតា ដែលជាអតីតប្រធានាធិបតីហ្វីលីពីន។ យើងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការគោរពភាពឯកជនរបស់យើង ដោយសារក្រុមគ្រួសារត្រូវចំណាយពេលខ្លះដើម្បីរំលែកទុក្ខរួមគ្នា។ យើងនឹងប្រកាសពីការរៀបចំពិធីបុណ្យសពនាពេលខាងមុខ»។

ព្រឹទ្ធសមាជិក Imee Marcos បានចែករំលែងសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងជាមួយនឹងរូបភាពរបស់អតីតប្រធានាធិបតី Ramos ដោយសរសេរថា «ចូលរួមរំលែកទុក្ខ អតីតប្រធានាធិបតី Fidel V. Ramos ១៩២៨-២០២២»។
លោក Fidel V. Ramos ត្រូវបានគេស្គាល់ថាជា ប្រធានាធិបតីទី១២ របស់ហ្វីលីពីន លោកបានបម្រើការងារជាប្រធានាធិបតីនាឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៨។ លោកបានបម្រើការងារក្នុងជួររដ្ឋាភិបាលជាយូរមកហើយ ដោយកាន់តំណែងជាប្រធានការិយាល័យប៉ូលីសហ្វីលីពីនពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៨៦ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Marcos។

លោក Ramos គឺជា ឥស្សរជនដ៏សំខាន់នៅក្នុងបដិវត្តអំណាចប្រជាជនឆ្នាំ ១៩៨៦ មុនពេលក្លាយជាប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីនពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៨៨ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Corazon Aquino។
លោកបានបម្រើការ ជារដ្ឋមន្រ្តីការពារជាតិពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩១ មុនពេលលោកត្រូវបានជ្រើសរើសជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ១៩៩២។

លោក Ramos បានទទួលសញ្ញាប័ត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យជាតិ ក្រោយមកលោកបានសិក្សានៅបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point។ ចំណែកឯជីវិតរៀបអាពាហ៍ពិពាហ៍របស់លោកវិញ គឺបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកស្រី Amelita Martinez ក្នុងឆ្នាំ ១៩៥៤ ដោយមានបុត្រចំនួន ៥នាក់។
ទាក់ទងនឹងការស្លាប់របស់លោក Ramos មិនត្រូវបានបញ្ជាក់ពីមូលហេតុអ្វីទេ តែបើតាមវិទ្យុ DZRH បានឲ្យដឹងថា មរណភាពរបស់លោកគឺមិនភាពច្បាស់លាស់ដោយអាចបណ្ដាលមកពីកូវីដ១៩៕

