ភាពយន្តខ្នាតធំ «បុព្វេសន្និវាស ២» ត្រៀមចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែសីហា ខាងមុខនេះ ដោយភាពយន្តនេះគេសម្គាល់ឃើញថា មានការរងចាំទស្សនាយ៉ាងអន្ទះសារពីសំណាក់អ្នកគាំទ្រ។
យ៉ាងណាមិញ ថ្មីៗនេះក៏មានការលើកឡើងនៅអត្ថបទរបស់ផេកហ្វេសប៊ុកដ៏ល្បីមួយឈ្មោះថា The Fact ដែលប្រើចំណងជើងធំៗសរសេររៀបរាប់ថា ៖ «ឥទ្ធិពលរបស់ថៃលើកម្ពុជា ( Thai’s Soft Power In Cambodia ) » និងប្រើចំណងជើងតូចៗថា ៖ « យុវជនខ្មែរ ត្រូវបានចាក់បញ្ចូលសន្សឹមៗទៅក្នុងវប្បធម៌ថៃ និងបានប្រែក្លាយខ្លួន យ៉ាងងប់ងល់ ក្នុង វប្បធម៌សៀម ដែលវានឹងអាចធ្វើឱ្យ បាត់បង់ អត្តសញ្ញាណជាតិខ្លួន»។ ការលើកឡើងនេះ បានធ្វើអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនមិនពេញចិត្តចំពោះការប្រើពាក្យបន្ទោសបង្អាប់ ជាពិសេសគេឃើញមានផលិតករភាពយន្តខ្មែរជាច្រើននាក់បានបញ្ចេញមតិប្រតិកម្ម។

នៅក្នុងនោះ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានលើកឡើងថា ៖ « បើមិននាំគ្នាបញ្ឈប់ការបកប្រែភាពយន្តបរទេសដែលមានវប្បធម៌ស្រដៀងយើងទេ វានឹងធ្វើអោយកូនខ្មែរជំនាន់ក្រោយច្រឡំវប្បធម៌,ក្រសួងវប្បធម៌គួរតែយកចិត្តទុក្ខដាក់បន្ថែមចំពោះការបន្លំវប្បធម៌ដោយប្រយោលតាមរយះខ្សែរភាពយន្ត, ប្រជាជនយើងក៏គួរតែគិតបន្ថែមផងដែរ កុំគេបង្វែរងាយពេក, អក្សរធំៗថា: ឥទ្ធិពលរបស់ថៃលើកម្ពុជា និង សួរថា: តើឧស្សាហកម្មភាពយន្តខ្មែរ ដល់ទីអាវសាន ឬយ៉ាងណា???? ហើយអក្សរតូចៗ : យុវជនខ្មែរ ត្រូវបានចាក់បញ្ចូលសន្សឹមៗទៅក្នុងវប្បធម៌ថៃ និងបានប្រែក្លាយខ្លួន យ៉ាងងប់ងល់ ក្នុង វប្បធម៌សៀម ដែលវានឹងអាចធ្វើអោយ បាត់បង់ អត្តសញ្ញាណជាតិខ្លួន។ អត្តបទនេះ លើកឡើងក្នុងន័យប្រមាថនិងដាស់តឿនអោយយុវជនខ្មែរអោយចេះគិតឡើងវិញអោយបានត្រឹមត្រូវ»
ជាមួយគ្នានោះ លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្ម ដើមត្នោតភាពយន្ត ក៏បានលើកឡើងដែរថា ៖ « ស្របពេល ដែលយើង (ផលិតករភាពយន្តខ្មែរ) ខិតខំប្រឹងប្រែងយ៉ាងត្រដាបត្រដួស ក៏ស្រាប់តែ ផែកមួយនេះបានសសេរចំណងជើងធំៗថា÷ ឥទ្ធិពលរបស់ថៃ លើផ្ទៃកម្ពុជា និងចោទសួរថា÷ តើឧស្សាហកម្មភាពយន្តខ្មែរ ដល់ទីអាវសាន ឬយ៉ាងណា? និងអក្សរតូចៗ សសេរថា÷ យុវជនខ្មែរ បានផ្សាំខ្លួនសន្សឹមៗទៅក្នុងវប្បធម៌ថៃ និងបានប្រែក្លាយខ្លួន យ៉ាងងប់ងល់ ក្នុង វប្បធម៌សៀម ដែលវានឹងអាចធ្វើអោយ បាត់បង់ អត្តសញ្ញាណ ជាតិខ្លួន។ អត្តបទនេះ មានខ្លឹមសារ បន្ទោសបង្អាប់ ផង នឹងក៏ដូចជាសារដាស់តឿនដល់យុវជនខ្មែរផង អោយចេះភ័យព្រួយ ពីការបាត់បង់ អត្តសញ្ញាណជាតិ ប្រសិនបើ យើងអានហើយ យើងយកមកពិចារណា។ ក្នុងនាមជាខ្មែរ និងជាផលិតករមួយរូប អានចំណងអត្ថបទនេះហើយ មានអារម្មណ៍ឈឺចាប់ផង ហើយក៏ខំប្រឹងតស៊ូទៅមុខទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន ក្នុងវិស័យភាពយន្ត។ យើងមិនរើសអើង នៃស្នាដៃរបស់សិល្បករ នៃជាតិសាសន៍ដ៏ទៃទេ នៅពេលដែលយើងដឹងថា វប្បធម៌ក្មេងខ្ចីរបស់គេ គេរមែងតែងប្រមែប្រមូល វប្បធម៌របស់ប្រទេសជិតខាង មកឆ្នៃប្រឌិតអោយមានភាពប្រណិតសម្រាប់វប្បធម៌គេ។ តែយើង ខ្លួនឯងទេ ដែលត្រូវខិតខំ ចងក្រង ការពារ ដោយមិនត្រូវផ្ញើរទុក លើផ្ទាំងសិលា ឬក្នុងសិលាចារឹកឡើយ។ យើងកុហកខ្លួនឯង យូរណាស់មកហើយ យើងបានត្រឹមផ្ញើរ អត្តសញ្ញាណជាតិលើ មនសិការនៃ ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ។ ទោះជាក្នុងកាលៈទេសៈណា យើងនៅតែដើរទៅមុខទៀត។ អរគុណ»។
ដោយឡែក លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film ក៏បានលើកឡើងដែរថា ៖ «សំណួរ៖ តើនេះជាទីបញ្ចប់នៃវិស័យភាពយន្តខ្មែរឬ? ចម្លើយគឺ៖ ហាហា ទទួលស្គាល់ថាភាពយន្តរបស់អ្នកឥឡូវនេះនាំមុខភាពយន្តខ្មែរ ប៉ុន្តែមិនមែនគ្រប់ភាពយន្តនោះទេ សូមក្រឡេកមើលអ្នកគាំទ្ររបស់អ្នកភាគច្រើនពួកគេគ្រាន់តែជាផ្នែកតូចមួយក្នុងទីផ្សារភាពយន្តខ្មែរប៉ុណ្ណោះ ហើយភាគច្រើនពួកគេគឺជាកុមារបឋមសិក្សា អ្នកមិនទាន់បានទាញសិស្ស-និស្សិត និយោជិក បាននោះទេ ហើយវាមិនប៉ះពាល់ដល់ថ្នាក់នេះឡើយ! សូមយល់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្នើឱ្យទស្សនិកជនខ្មែរទាំងអស់ យកចិត្តទុកដាក់លើអត្ថបទភាពយន្ត ក៏ដូចជាផលប្រយោជន៍វប្បធម៌ ដូចជាសីលធម៌ ពាក្យពេចន៍ក្នុងភាពយន្ត ភាពយន្តមានការបញ្ចេញនូវវប្បធម៌ខ្មែរឲ្យបានច្រើន។ ភាពយន្តរួមបញ្ចូលទាំងការអប់រំ ហើយភាពយន្តណាមានអមដោយអត្ថបទសីលធម៌, គ្មានភាសាអាសអាភាស អត្ថបទដែលពិតជាផ្តល់ផលប្រយោជន៍ដល់វប្បធម៌ជាតិ និងជៀសវាងទម្លាប់នៃឥទ្ធិពលភាពយន្តដែលផ្សព្វផ្សាយអំពើអសីលធម៌។
ការស្រឡាញ់វប្បធម៌ផ្ទាល់ខ្លួនរបស់អ្នកមិនមែនគ្រាន់តែជាពាក្យសម្ដីប៉ុណ្ណោះទេ។ កុំបណ្តោយឱ្យផលប្រយោជន៍តិចតួច មកបិទបាំងសេចក្តីថ្លៃថ្នូររបស់អ្នក។ យ៉ាងណាក៏សូមអបអរភាពយន្តថៃមួយនេះទាំងខ្ញុំមិនដែលទៅមើលវគ្គមុននោះទេ។ »។
នៅមិនទាន់អស់នៅឡើយទេ គេឃើញមានផលិតករភាពយន្តខ្មែរមួយចំនួនទៀត និងក្រុមការងារដែលស្រឡាញ់លើវិស័យភាពយន្ត និងវប្បធម៌ បានចេញមតិប្រតិកម្មររៀងៗខ្លួនផងដែរ៕

