ប្រទេសឥណ្ដាបានបញ្ជាក់ពីការស្លាប់ដោយសារជំងឺអុតស្វាជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីយុវជនម្នាក់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេស ទើបត្រឡប់មកពីប្រទេសអារ៉ាប់រួមធ្វើតេស្ដវិជ្ជមានជំងឺនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២។

ការស្លាប់នេះត្រូវបានគេរាយការណ៍កាលពីថ្ងៃ ច័ន្ទ ថា ជាករណីដំបូងគេនៅតំបន់អាស៊ី។ កាលពីសប្ដាហ៍មុន ប្រទេសអេស្ប៉ាញបានរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងជំងឺអុតស្វា ២ករណី និង ប្រេស៊ីលបានរាយការណ៍ថាមានអ្នកស្លាប់ដំបូង។

ទាក់ទិននឹងបញ្ហានេះ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នសុខភាពសកលនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២២ នេះ ដោយថាវាជាជំងឺដ៏គួរឲ្យព្រួយបារម្ភ។

ក្រសួងសុខាភិបាលនៃរដ្ឋ Kerala ប្រទេសឥណ្ឌាបាននិយាយថា ការធ្វើតេស្ដលើបុរសអាយុ ២២ឆ្នាំ បានបង្ហាញថា ពិតជាវិជ្ជមានជំងឺអុតស្វាប្រាកដមែន ប៉ុន្ដែគេមិនទាន់ដឹងច្បាស់ទេថា បុរសរូបនេះស្លាប់ដោយសារជំងឺនេះ ឬ យ៉ាងណា។ ដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានញែកមនុស្ស ២១នាក់ ដែលទាក់ទងជាមួយនឹងអ្នកស្លាប់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីតាមដានពីសុខភាព។

ក្រសួងសុខាភិបាលមិនបានអត្ថាធិប្បាយអំពីបញ្ហានៃការស្លាប់នោះទេ ខណៈរដ្ឋាភិបាលបានបង្កើតក្រុមការងាររបស់មន្រ្តីជាន់ខ្ពស់ ដើម្បីតាមដានករណីជំងឺអុតស្វាក្នុងប្រទេស ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានការឆ្លងជំងឺនេះយ៉ាងហោចណាស់ ៥នាក់។

សូមជម្រាបថា កាលចុងខែមុនអង្គការសុខភាពពិភពលោកបានប្រកាសថា ប្រទេសចំនួន ៧៨ បានរាយការណ៍ថាមានករណីជំងឺអុតស្វាជាង ១៨,០០០ ដែលភាគច្រើនកើតមាននៅតំបន់អឺរ៉ុប៕

ប្រភព៖ Aljazeera

Share.