សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ថា ស្ថានការណ៍មីយ៉ាន់ម៉ានៅពេលនេះ កាន់តែអាក្រក់ជាងមុនពេលមានកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ៥ចំណុចរបស់អាស៊ានទៅទៀត។ ការថ្លែងរបស់សម្ដេចបានធ្វើឡើងនាឱកាសបើកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ។ បើតាមសម្ដេចតេជោ ស្ថានការណ៍កាន់តែអាក្រក់នេះ គឺបន្ទាប់ពីមានការកាត់ទោសប្រហារជីវិតលើសកម្មជនបក្សប្រឆាំងចំនួន៤នាក់ បើទោះបីជាសម្ដេចផ្ទាល់ និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឱ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសនេះក៏ដោយ។

សម្ដេចបានសង្កត់ធ្ងន់ថា «កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនោះ បើទោះជាខ្ញុំ និងថ្នាក់ដឹកនាំដទៃទៀត បានអំពាវនាវឱ្យមានការពិចារណាឡើងវិញ អំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ»។ ពាក់ព័ន្ធនឹងការឆ្លើយតបជាអវិជ្ជមានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រលយជាមុនថា «ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូឡើងវិញអំពីតួនាទីរបស់យើង ចំពោះការព្រមព្រៀមជាឯកច្ឆ័ន្ទទាំង៥ចំណុចរបស់អាស៊ាន»។
សកម្មជនបក្សប្រឆាំងចំនួន៤រូប ដែលត្រូវបានរបបសឹកកាត់ទោសប្រហារជីវិតកាលពី១សប្ដាហ៍មុនកម្ពុជាបើកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននោះ រួមមានលោក ភ្យូហ្សេ យ៉ាថរ, លោក ក្យរ មីនយូ, លោក ឡា មីយូអោង និងលោក អោង ធូរ៉ាហ្ស។ ពួកគេត្រូវបានចោទប្រកាន់ថា បានជួយដល់ អំពើភេរវកម្ម។ ជាមួយនឹងការខកចិត្តនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ទោះបីការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន តែការខិតខំកន្លងមក ក៏មានភាពជឿនលឿនខ្លះដែរ ជាពិសេសការផ្ដល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។

សូមបញ្ជាក់ការព្រមព្រៀងទាំង៥ចំណុចរបស់ស៊ានជុំវិញបញ្ហានៅមីយ៉ាន់ម៉ារួមមានទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់។ ទី២៖ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥ វិញ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕
