នៅពេលថ្មីៗនេះ ខាងប្រទេសថៃបានរកឃើញម្ចាស់មកុដ Miss Universe Thailand 2022 ដែលបានទៅលើបវរកញ្ញា Anna Sueangam-iam ហើយនាងនឹងក្លាយជាបវរកញ្ញាតំណាងប្រទេសថៃ ត្រៀមទៅប្រកួតជាមួយនឹងបេក្ខនារីមកពីប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក ក្នុងកម្មវិធី Miss Universe 2022 នាពេលខាងមុខនេះ។

ក៏ប៉ុន្តែទើបតែពាក់មកុដមិនទាន់ជាប់បានប៉ុន្មានថ្ងៃផង ស្រាប់តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការទម្លាយរូបភាពរបស់កញ្ញា Anna Sueangam-iam កាលពីមិនទាន់កែកុនផ្ទៃមុខ ហើយដាក់ផ្ទឹងគ្នានឹងរូបភាពទើបតែពាក់មកុដថ្មី រហូតធ្វើឱ្យមហាជនភ្ញាក់ព្រើតថា មូលហេតុដែលម្ចាស់មកុដ Miss Universe Thailand 2022 មានទម្រង់មុខដូចកូនកាត់បែបនេះ គឺរងក្រោមកាំបិតវះកាត់អ៊ីចឹងសោះ។

នៅក្នុងនោះ តាមការសរសេររៀបរាប់របស់ការថ្លែងអំណរគុណដល់គ្លីនិកកែសម្ផស្សមួយដែលមានឈ្មោះរបស់កញ្ញា Anna បានរៀបរាប់យ៉ាងភ្ញាក់ផ្អើលថា «annasnga_1o អគុណចំពោះ ណាត់ឆៈយ៉ា គ្លីនីក គ្រូពេទ្យ គុកកៃ គ្រូពេទ្យប៉ស់ ដែលផ្ដល់ភាពស្រស់ស្អាត ស្រស់សោភា ចំពោះ អេន មករហូត ទាំងផ្ទៃមុខ រាង ស្បែក មានសម្រស់ចែងចាំង។ អេន ការ៉ង់ទីថា ភាពស្រស់ស្អាតពេញគ្រប់ដឺក្រេ ផ្ទៃមុខភ្លឺរលោង រាងស្វ៊ែល គឺនាងខ្ញុំ អេន បានជ្រើសយកទីនេះ និងចង់ប្រាប់ពីអារម្មណ៍សប្បាយចិត្តយ៉ាងកក់ក្ដៅ ដែលបានត្រឡប់មកស្រស់ស្អាតដូចសព្វថ្ងៃ។ ណាត់ឆៈយ៉ា គ្លីនីក ស្អាត មួយចប់តែម្ដង»។

គ្រាន់តែធ្លាយរឿងខាងលើនេះភ្លាម​ គេឃើញមានហ្វេសប៊ុកផេកដែលគាំទ្រលើវិស័យបវរកញ្ញាជាច្រើនផេក បង្ហោះរិះគន់ និងមានអ្នកចូលមក Comment រិះគន់ចំពោះ បវរកញ្ញា Anna Sueangam យ៉ាងភ្លូកទឹកភ្លូកដី។

បើទោះបីជាមានបង្ហោះព្រោងព្រាតពីការរិះគន់ចំពោះបវរកញ្ញា Anna ពីបញ្ហាកែកុនសម្ផស្សមុនចូលប្រកួតយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅមិនទាន់ឃើញមានការប្រែប្រួលបេក្ខភាពបវរកញ្ញា Miss Universe Thailand 2022 នៅឡើយទេ ពោលគឺមិនឃើញការបញ្ជាក់បកស្រាយចេញពីខាងស្ថាប័ន Miss Universe Thailand ជាការឆ្លើយតបចំពោះប្រតិកម្មមហាជន។ តែយើងនៅបន្តតាមដានបន្តទៀត ហើយត្រយងនឹងផ្សាយជូននូវដំណឹងថ្មីជាបន្តទៀត។

គួរដឹងបន្ថែមថា Anna Sueangam-iam កើតនិងធំធាត់នៅទីក្រុងបាងកក និងជាកូនស្រីរបស់អ្នករើសសំរាម។ ថ្វីត្បិតតែនាងជួបការលំបាកខ្លាំងក៏ដោយ ក៏នាងបានបន្តការសិក្សារបស់នាង ហើយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Kasetsart ជាមួយនឹងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍។ យ៉ាងណាក្ដី អ្នកគាំទ្រនៅតែស្រឡាញ់ នឹងចង់ឃើញនាងបន្តដំណើរយ៉ាងជោគជ័យនៅលើវិស័យបវរកញ្ញានេះ៕

Share.