
ពីវេទិកាអធិបតីនៃពិធីបើកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា«ដំណើរការនៃការចូលជាសមាជិកអាស៊ាននៃប្រទេសទីម័រឡេស្តកំពុងតែមានវឌ្ឍនភាពយ៉ាងល្អ»។ សម្ដេចសង្កត់ច្បាស់ៗថា«ខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ប្រទេសនេះ ទៅកាន់គ្រួសារអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ»។

សូមបញ្ជាក់ថាក្រៅពីជាប់សមុទ្រ ទីម័រឡេស្តមានព្រំដែនជាប់តែប្រទេសឥណ្ឌូណេស៊ីមួយប៉ុណ្ណោះ និងមានផ្ទៃក្រឡាសរុប១៥,៤១០គីឡូម៉ែត្រ មានប្រជាជនជាង១លាននាក់។ ចាប់តាំងពីឆ្នាំ ២០០៧ ទីម័របានបង្ហាញពីការព្យាយាមក្លាយជាសមាជិកទី១១របស់អាស៊ាន។ ជាក់ស្តែងសំណើសុំផ្លូវការដើម្បីក្លាយជាសមាជិកអាស៊ានត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១១។ កម្ពុជា បានបង្ហាញការគាំទ្រពេញទំហឹង និងជួយជ្រោមជ្រែងយ៉ាងខ្លាំងដើម្បីឱ្យប្រទេសមួយនេះក្លាយជាប្អូនពៅនៃគ្រួសារអាស៊ាន៕
