យោធារបស់ប្រទេសចិនបានប្ដេជ្ញានៅថ្ងៃ អង្គា ទី ០២ ខែ សីហា ថា នឹងចាប់ផ្ដើមធ្វើសកម្មភាពកំណត់គោលដៅយោធា ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកនៅកោះតៃវ៉ាន់ ខណៈដែលភាពតានតឹងរវាងចិន-អាមេរិក-តៃវ៉ាន់ កំពុងផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២២។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វូ ឈៀន (Wu Qian) បាននិយាយថា «កងទ័ពរំដោះប្រជាជានចិន មានការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាតាមគោលដៅជាបន្ដបន្ទាប់ ដើម្បីប្រឆាំងនឹងបញ្ហានេះ ដោយចិនការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និង បូរណភាពទឹកដី រួមទាំងទប់ស្កាត់ការជ្រៀងជ្រែកពីខាងក្រៅ និង ការប៉ុនប៉ងផ្ដាច់ខ្លួនជា «ឯករាជ្យតៃវ៉ាន» ហើយចិនថ្កោលទោសចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាអាមេរិកមកកាន់កោះតៃវ៉ាន់។

ដោយឡែក ទីបញ្ជាការរោងមហោស្រពភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិនបាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការយោធារួមគ្នានៅជិតកោះតៃវ៉ាន់ចាប់ពីយប់ថ្ងៃ អង្គារនេះ ហើយចិននឹងបាញ់សាកល្បងមីស៊ីលនៅសមុទ្រខាងកើតនៃកោះតៃវ៉ាន់។

សមយុទ្ធនេះ នឹង រួមបញ្ចូលសមយុទ្ធដែនអាកាស និង សមុទ្ររួមគ្នា នៅភាគខាងជើង និរតី និង ភាគឥសាន្ដ នៃកោះតៃវ៉ាន់ ការបាញ់បន្ដផ្ទាល់រយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ និង ការបាញ់សាកល្បងមីស៊ីលនៅសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់។

ទន្ទឹមនោះ ក្រសួងការបរទេសចិនក៏បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការធ្វើដំណើររបស់លោកស្រី Pelosi គឺ «គ្រោះថ្នាក់ខ្លាំងណាស»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសេតវិមានអាមេរិក លោក ចន៍ គើប៊ី (John Kirby) បានច្រានចោលការរិះគន់យ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំងចំពោះដំណើរទស្សនកិច្ចនេះ ដោយនិយាយថា វាមិនមែនជាលើកទី១ទេ ដែលសមាជិកសភាអាមេរិកទៅតៃវ៉ាន់។

I

នៅពេលដែលលោក Pelosi បានឈានជើងចូលដីតៃវ៉ាន់ លោក Kirby បានប្រាប់សារព័ត៌មាន CNN ភ្លាមៗថា «វាមិនមែនជាការរំលោភលើបញ្ហាអធិបតេយ្យភាពណាមួយនៅទីនោះទេ។ លោកថា អាមេរិកនឹងមិនត្រូវបានគេបំភ័យដោយការគំរាមកំហែងនោះទេ»។

លោក Kirby បានអះអាងថា «ទីក្រុងវ៉ាស៊ីនតោននឹងបេ្ដជ្ញាយកចិត្តទុកដាក់ផ្នែកសន្ដិសុខយ៉ាងម៉ត់ចត់ ហើយធានាថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងប្រកបដោយសុវត្ថិភាព»៕

ប្រភព៖ CNA

Share.