ប្រទេសចិនកំពុងរៀបចំសម្រាប់ការធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិកទៅកាន់កោះដែលខ្លួនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២២។
លោកស្រី Pelosi បានចាកចេញពីកោះតៃវ៉ាន់កាលពីរសៀលថ្ងៃ ពុធ ទី ០៣ ខែ សីហា បន្ទាប់ពីលោកស្រីបានបញ្ចប់ដំណើរទស្សនកិច្ចនៅកោះនេះមិនដល់រយៈពេល ២៤ម៉ោងផងនោះ ដែលដំណើរទស្សនកិច្ចនេះបានធ្វើឲ្យទីក្រុង ប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង។

លោកស្រីបានប្រកាសថា វត្តមានរបស់លោកស្រីនៅកោះតៃវ៉ាន់បានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនបោះបង់សម្ព័ន្ធមិត្តប្រជាធិបតេយ្យដូចជាតៃវ៉ាន់ឡើយ។ អាមេរិកសន្យាសាមគ្កីភាពជាមួយតៃវ៉ាន់ នៅពេលចិនធ្វើសមយុទ្ធយោធាបញ្ចេញកំហឹង។
ដំណើរទស្សនកិច្ចរបស់លោកស្រីបានបង្កឲ្យមានប្រតិកម្មខឹងសម្បារពីទីក្រុង ប៉េកាំង ដែលទីក្រុងនេះ បានប្ដេជ្ញាដាក់ទណ្ឌកម្មសម្រាប់អ្នកដែលបានប្រមាថមើលងាយខ្លួន រួមទាំងប្រកាសពីការធ្វើសមយុទ្ធយោធានៅក្នុងជុំវិញដែនសមុទ្រនៃកោះតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតរបស់ពិភពលោក។

សមយុទ្ធនេះគ្រោងនឹងចាប់ផ្ដើមនៅម៉ោង ១២យប់ (ម៉ោង ១១ព្រឹកនៅកម្ពុជា) ដែលរួមមានសកម្មភាពហ្វឹកហាត់របស់កងទ័ព និង សមយុទ្ធបាញ់គ្រាប់ពិត នេះបើយោងតាមការប្រកាសនៅក្នុងប្រពន្ធផ្សព្វផ្សាយរដ្ឋ។
ដោយឡែកកាសែត Global Times បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកវិភាគយោធាថា សមយុទ្ធនេះគឺ មិនធ្លាប់មានពីមុនមក ហើយមីស៊ីលជាច្រើននឹងហោះពីលើកោះតៃវ៉ាន់មិនធ្លាប់មានពីមុនមក។

កាសែតនេះបានចេញផ្សាយទៀតថា «នេះជាលើកទី១ ដែល PLA នឹងបាញ់បង្ហោះកាំភ្លើងធំរយៈចម្ងាយឆ្ងាយឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់»។
សូមជម្រាបថា ក្រោយចាកចេញពីតៃវ៉ាន់ លោកស្រី Pelosi បានបន្ដដំណើរទស្សនកិច្ចទៅកាន់ប្រទេសចំនួន ២ ទៀត ក្នុងតំបន់អាស៊ី មុននឹងលោកស្រីវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដែលប្រទេសទាំង២នោះ គឺ៖ ជប៉ុន និង កូរ៉េខាងត្បូង៕

