ប្រទេសចិនចាប់ផ្ដើមសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួន នៅជុំវិញកោះតៃវ៉ាន់នាវេលាម៉ោង ១២ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃ ព្រហស្បតិ៍ ទី ០៤ ខែ សីហា នេះ ដោយកងទ័ពរំដោះប្រជាជនចិន ឡោមព័ទ្ធកោះនេះ ក្រោយលោកស្រី Pelosi ចាកចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ជាកន្លែងដែលលោកស្រីបានជួបជាមួយប្រធានាធិបតី Tsai-Ing Wen និងបានសន្យាសាមគ្គីភាពជាមួយកោះតៃវ៉ាន់ ដោយធ្វើឲ្យចិនមានការខឹងសម្បារយ៉ាងខ្លាំង ដោយហៅដំណើរទស្សនកិច្ចនេះថា ជាការបង្កហេតុដោយអាមេរិក ហើយប៉េកាំងប្ដេជ្ញាថានឹងដាក់ទណ្ឌកម្ម និង បានប្រកាសពីសមយុទ្ធយោធានៅសមុទ្រជុំវិញកោះនោះ។

យោងតាមទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ ដល់ម៉ោង ១២អាធ្រាត ថ្ងៃទី ៧ ខែសីហា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងធ្វើលំហាត់ហ្វឹកហ្វឺន យោធាដ៏សំខាន់មួយ ក្នុងនោះរួមមទាំងសមយុទ្ធបាញ់គ្រាប់ពិត។

ក្នុងកំលុងសមយុទ្ធប្រយុទ្ធជាក់ស្តែងនេះ តំបន់សំខាន់ៗចំនួន៦ នៅជុំវិញកោះត្រូវបានជ្រើសរើស ហើយក្នុងអំឡុងពេលនេះ នាវា និងយន្តហោះស៊ីវិលទាំងអស់ ត្រូវបានព្រមានកុំឱ្យចូលទៅក្បែរតំបន់ដែនទឹក និងដែនអាកាសនៃច្រកសមុទ្រតៃវ៉ាន់។

តំបន់ដែលបានកំណត់អត្តសញ្ញាណចំនួន៦ នៅជុំវិញកោះនេះ ក៏មានមួយចំនួនក៏នៅជិតកំពង់ផែសំខាន់ៗផងដែរ ខណៈអាជ្ញាធរតៃវ៉ាន់បានចោទប្រកាន់កងទ័ព រំដោះប្រជាជនជចិន (PLA) ថា បានធ្វើការបិទផ្លូវឆ្លងកាត់អន្តរជាតិ៕

