ប្រទេសជប៉ុន និង សហរដ្ឋអាមេរិកបានព្រមព្រៀងគ្នានាថ្ងៃ សុក្រ ទី ០៥ ខែ សីហា ដើម្បីធ្វើការរួមគ្នាលើការរក្សាសន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ានដែលមានភាពតានតឹងកាន់តែខ្លាំងឡើង ចំពេលមានសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនមកដោយប្រទេសចិន បានបាញ់មីស៊ីលចំនួន ៥ ហោះឆ្ពោះ​ និង ធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី ០៥ ខែ សីហា នេះ។

ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi កំពុងស្ថិតនៅក្នុងប្រទេសជប៉ុនក្នុងដំណាក់កាលចុងក្រោយនៃដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ី ដែលនេះជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៥ឆ្នាំ មកនេះ។

ការព្រមព្រៀងគ្នានេះខាងលើនេះ ធ្វើឡើងកំលុងពេលដែលលោកស្រី Pelosi បានជួបជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida នៅឯវិមានរដ្ឋាភិបាល។ លោក Kishida បានគូសបញ្ជាក់ថា «ខ្ញុំបានជូនដំណឹងដល់លោកស្រី Pelosi ថា វាជាការពិត ដែលមីស៉ីលផ្លោងរបស់ចិនបានធ្លាក់ នៅជិតដែនទឹករបស់ជប៉ុន រួមទាំងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ EEZ ដែលវាបានគំរាមកំហែងដល់សុវត្ថិភាព និង សន្តិសុខជាតិរបស់យើង ហើយជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ»។

លោក Kishida បានបន្ថែមថា «យើងក៏បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីរក្សាសន្តិភាព និង ស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយផងដែរ»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងជប៉ុន និង ចិនបានកើនឡើងដល់ចំណុច១ទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយចិនបានសម្រេចលុបចោល កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ ដែលគ្រោងនឹងធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំអាស៊ាន ដោយសារតែការមិនពេញចិត្តចំពោះ សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ពាក់ព័ន្ធនឹងបញ្ហានៅតៃវ៉ាន់។

ទាក់ទងនឹងបញ្ហារបស់ប្រទេសចិន និង តៃវ៉ាន់វិញ ក្រសួងការពារជាតិចិនបានអះអាងថា ខ្លួនបានបាញ់ផ្លោងមីស៊ីល Dongfeng ចំនួន ១១គ្រាប់ ដែលបាញ់ចេញពីក្នុងដែនទឹកក្បែរកោះនោះ ដែលនេះជាលើកទី១ហើយ ដែលចិនបង្ហាញ និង ប្រើអាវុធបែបនេះនៅច្រកសមុទ្រកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ ១៩៩៦៕

ប្រភព៖ Aljazeera

Share.