ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យ កម្លាំងខណ្ឌ៧មករា បង្ក្រាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀនជាង២៦គីឡូក្រាម កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងនៅផាតមិនមួយកន្លែង ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះ ហ៊ាត រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួននៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រឹបអូសបានវត្ថុតាង គ្រឿងញៀនចម្រុះសរុប ២៦គីឡូក្រាម ២ខាំ(២៦.១៩៩៨គីឡូក្រាម), សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប, ជញ្ជីងថ្លឹងចំនួន០៥, ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន០២, ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០៥ ព្រមទាំង ឧបករណ៍វេចខ្ចប់មួយចំនួនទៀត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ នាំទៅទីតាំងមួយកន្លែងទៀត ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឆែកឃើញសារធាតុផ្សំ កាកសំណល់គ្រឿងញៀន ឧបករណ៍សម្រាប់លាយ និងកែច្នៃគ្រឿងញៀនមួយចំនួនទៀតផង ។

ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរ នៅការិយាល័យជំនាញ ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.