នេះ​ចាត់​ទុក​​​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​សម្រស់​ព្រោះ​ កញ្ញា​ សារី ស្រី​ពេជ្រ​ ​បាន​បំបែក​កំណត់​ត្រា​ដណ្ដើម​បាន​មកុដ​ពី​វេទិកា​ប្រកួត​កម្រិត​អន្តរជាតិ​ក្នុង​ការ​ប្រកួត​ Miss Petite Global 2022 នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​។​ បងប្អូន​អ្នក​គាំទ្រ​មួយ​ចំនួន​ប្រកួត​ជា​ចង់​ដឹង​ហើយ​ថា​តើ​​កម្មវិធី​ Miss Petite នេះ​មាន​ប្រវត្តិ​បែបណា​? ហើយ​លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត​ដូច​ទៅ​នឹង​ការ​ប្រកួត​ Miss World ឬ​ Miss Universe ដែរ​ឬទេ?

​​ការ​ប្រកួត​បវរកញ្ញា​ Miss Petite នេះ​​មាន​ការ​លំបាក​ក្នុង​ការ​ស្រាវជ្រាវ​ជា​ខ្លាំង​ហើយ​មិន​សូវ​សំបូរ​ឯកសារ​ដូច​កម្មវិធី​ផ្សេងៗ​នោះ​ឡើយ​។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​​នៅ​លើ​ Google ​​បាន​ឱ្យ​ដឹង​យ៉ាង​សង្ខេប​ថា​៖ «កម្មវិធី​​ប្រកួត Miss Petite ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​១៩៩០​ ដោយ​មាន​ស្ត្រី​​២​រូប​នៅ​ក្នុង​​រដ្ឋ​ Houston ដែល​បាន​គិត​ថា​ស្ត្រី​ដែល​មាន​កម្ពស់​ខ្ពស់​មាន​ប្រៀប​ជាង​ (គុណប្រយោជន៍​ជាង) នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​អាមេរិក​។ មិន​ត្រឹម​តែ​ការ​ប្រកួត​ឡើយ​សូម្បី​តែ​នៅ​ក្នុង​កីឡា​ស្ត្រី​ដែល​ខ្ពស់​ច្រើន​តែ​មាន​ប្រៀប​ជាង​ជានិច្ច​ដែល​នេះ​បាន​បង្ហាញ​ពី​ការ​រើស​អើង​មួយ​។

ដូច្នេះ​ទើប​គេ​បង្កើត​ការ​ប្រកួត​នេះ​ឡើង​ដោយ​អ្នក​ចូល​រួម​ប្រកួត​មិន​តម្រូវ​ឱ្យ​មាន​កម្ពស់​ខ្ពស់​នោះ​ទេ​ ប៉ុន្តែ​បេក្ខនារី​ដែល​ចូល​ប្រកួត​តម្រូវ​ឱ្យ​មាន​កម្ពស់​ទាប​ជាង​១,៦៥​ សង់​ទីម៉ែត្រ។ នេះ​បើ​យោង​តាម​ការ​វែបសាយ ermworld ដែល​បាន​ផ្សាយ​ពី​ការ​ប្រកួត​ជា​ប្រវត្តិសាស្ត្រ​របស់​ Miss Petite Malaysia តាំង​ពី​ឆ្នាំ​១៩៩៧​ មក​។

តាម​ការ​រៀបរាប់​នៅ​ក្នុង​នោះ​​ការ​ប្រកួត​នេះ​មិន​ខុស​ពី​ការ​ប្រកួត​សម្រស់​ផ្សេងៗ​នោះ​ឡើយ​ ព្រោះ​បេក្ខនារី​ទាំង​អស់​ត្រូវ​​ដើរ​បង្ហាញ​រាង​ក្នុង​ឈុត​កីឡា ឈុត​ហែល​ទឹក​ និង​ឈុត​រាត្រី​ស្រមោល​ស។ ទោះ​ជាមាន​រូប​សម្រស់​ស្អាត អាច​ដើរ​បង្ហាញ​រាង​យ៉ាង​ស្រស់​សោភា​ក៏​ពិត​មែន​ ប៉ុន្តែ​បេក្ខនារី​ដែល​ជាប់​ជា​ជ័យលាភី​នៅ​តែ​ជា​បេក្ខនារី​ដែល​អាច​ឆ្លើយ​សំនួរ​បាន​ល្អ​ជាង​គេ​ដដែល​ ព្រោះ​គ្រប់​ការ​ប្រកួត​សម្រស់​ទាំង​អស់​គឺ​ឱ្យ​តម្លៃ​ទៅ​លើ​ការ​សម្ភាសន៍​សម្ងាត់​ និង​ការ​ឆ្លើយ​សំនួរ​នៅ​លើ​វេទិកា​ជា​គោល​ការណ៍​ក្នុង​ការ​កំណត់​ម្ចាស់​ជ័យ​លាភី​។

សម្រាប់​កម្ពុជា​នេះ​អាច​ចាត់​ទុក​ជា​ការ​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅ​លើ​វេទិកា​ប្រកួត​អន្តរជាតិ​ ព្រោះ​នេះ​គឺជា​លើក​ទីមួយ​ដែល​បេក្ខនារី​បវរកញ្ញា​កម្ពុជា​អាច​ដណ្ដើម​បាន​មកុដ​នៅ​លើ​ឆាក​ប្រកួត​អន្តរជាតិ​បែប​នេះ​៕

សូមទស្សនាវីដេអូ Top News ៖

ប្រភព៖ google, ermworld

Share.