គិតរហូតមកដល់ថ្ងៃទី៨ខែសីហាឆ្នាំ២០២២នេះ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន បាន ឈានដល់វ័យ៥៥ឆ្នាំហើយ គិតចាប់តាំងពីការបង្កើតឡើងនូវស្ថានប័ននេះកាលពីឆ្នាំ១៩៦៧។
ក្នុងថ្ងៃកំណើតរបស់អាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអបអរសាទរ និងបានជំរុញឲ្យបណ្តាប្រទេសជាសមាជិកទាំងអស់របស់អាស៊ានរួមគ្នាដើម្បីត្រៀមឆ្លើយតបទៅនឹងបញ្ហាប្រឈម នានានៅក្នុងតំបន់។
បើតាមសម្តេចតេជោ អាស៊ានចាំបាច់ត្រូវតែឈរលើជំហរនៃការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងដើម្បី ផលប្រយោជន៍ទៅវិញទៅមក។ យើងនឹងបន្តផ្តោតសំខាន់លើសកម្មភាពនានា ដែលចងភ្ជាប់យើងទាំងអស់គ្នា ដើម្បីវិបុលភាពកាន់តែប្រសើរឡើងសម្រាប់តំបន់យើង។ យើងនឹងលើកកម្ពស់ស្មារតីអាស៊ាននៃ “ការរួបរួមគ្នា” ដើម្បីប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងនានា ទាំងផ្ទៃក្នុងអាស៊ាន ទាំងជាមួយប្រទេសជាដៃគូខាងក្រៅ ដើម្បីលើកកម្ពស់នូវសាមគ្គីភាព និងភាពធន់របស់អាស៊ាន ដើម្បីសម្រេចបានគោលដៅនៃការកសាងទស្សនៈវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ប្រកបដោយភាពធន់។
សម្តេចជឿជាក់ថា អាស៊ាន អាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាព ដើម្បីជំនះរាល់បញ្ហាប្រឈមនានា ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជន និងតំបន់របស់យើង ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ «ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ»៕






