ស្វាយរៀង៖រថយន្តហាយឡែនឌ័រមួយគ្រឿងបើកបោះពួយល្បឿនលឿន លើផ្លូវទើបស្ថាបនា យកចង្កូតមិនទាន់ជ្រុលហោះឆ្លងប្រឡាយមិនផុត ធ្លាក់ចូលក្នុងទឹក រងរបួសអ្នកបើកបរ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវក្រាលកៅស៊ូ ទើបស្ថាបនា ចំណុចស្ពាន ស្ថិតក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។

រថយន្តជួបគ្រោះថ្នាក់ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-8403 អ្នកបើកបរឈ្មោះ ស៊ិន ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបានបើកតាមផ្លូវទើបក្រាលកៅស៊ូ ពីជើងទៅត្បូង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ រេចង្កូតហោះឆ្លងប្រឡាយ តែមិនផុតក៏ធ្លាក់ចូលទឹក បណ្តាលឲ្យអ្នកបើកបររបួសបែកក្បាល ទ្រូង ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយ ចាត់បញ្ជូនទៅមន្ទីរពេទ្យ រថយន្តខ្ទេចផ្នែកខាងមុខ ។

ករណីគ្រោះថ្នាក់ខាងលើ បង្កដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកដទៃ សមត្ថកិច្ចឲ្យក្រុមគ្រួសារ រករថយន្តស្ទូចទៅលើកយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.