មន្រ្តីអ៊ុយក្រែន និង តួកគីបាននិយាយថា កប៉ាល់ចំនួន៤ ដែលដឹកស្បៀងអាហាររបស់អ៊ុយក្រែនបានចេញដំណើរពីកំពង់ផែសមុទ្រខ្មៅអ៊ុយក្រែន កាលពីថ្ងៃ អាទិត្យ ទី ០៧ ខែ សីហា ដែលជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីបើកការនាំចេញតាមសមុទ្ររបស់អ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Euronews។
អាជ្ញាធរកំពង់ផែសមុទ្ររបស់អ៊ុយក្រែនបានសរសេរនៅលើបណ្ដាញសង្គម Facebook ថា នាវាផ្ទុកគ្រាប់ធញ្ញជាតិចំនួន៤ គ្រឿង ដែលបានផ្ទុកដោយគ្រាប់ពោតជិត ១៧០,០០០តោន និង គ្រឿងឧបភោគបរិភោគផ្សេងៗទៀត បានចាកចេញពីកំពង់ផែ ច្រកសមុទ្រខ្មៅរបស់អ៊ុយក្រែន។

ស្ថាប័នត្រួតពិនិត្យប្រតិបត្តិការនាំចេញស្បៀងអាហារដែលមានដូចជា បុគ្គលិករបស់រុស្ស៊ី អ៊ុយក្រែន តួកគី និង អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុននេះថា ខ្លួនបានអនុញ្ញាតឲ្យមានការចាកចេញពីកប៉ាល់ថ្មីទី៥ តាមច្រករបៀងសមុទ្រខ្មៅដែលកប៉ាល់ ៤គ្រឿង ចេញពីច្រក ឈ៊ើណូម៉ស់ (Chernomorsk) និង អូដេសា (Odesa) ហើយក៏មានកប៉ាល់ ១គ្រឿង ចូលមកវិញដែរ។
មជ្ឈមណ្ឌលសម្របសម្រួលរួម (JCC) បាននិយាយថា សរុបមក កប៉ាល់ចេញទៅក្រៅប្រទេសនឹងដឹកផលិតផលពោត និង ស្បៀងអាហារជាង ១៦១,០០០តោន ទៅកាន់ប្រទេសតួកគី ចិន និង អ៉ីតាលី។

ទាក់ទងនឹងបញ្ហាកង្វះស្បៀងអាហារដែលបណ្ដាលមកពីការបិទច្រកសមុទ្រខ្មៅកាលពីកន្លងមក អង្គការសហប្រជាជាតិបានព្រមានអំពីការផ្ទុះឡើង នៃគ្រោះទុរ្ភិក្សនៅផ្នែកខ្លះ នៃពិភពលោកដោយសារតែការបញ្ឈប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែនដែលបានធ្វើឱ្យតម្លៃស្បៀងអាហារ និង ប្រេងឥន្ទនៈកើនឡើងខ្លាំង។
រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក អូលិកសេនឌ័រ គូប្រាកូវ (Oleksandr Kubrakov) បាននិយាយថា កាលពីថ្ងៃសៅរ៍ កប៉ាល់ដែលមានទង់ជាតិបរទេស បានមកដល់ប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែ កុម្ភៈ ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីប្រទេសនេះ៕

