មណ្ឌលគិរី ៖ រថយន្តសុីទែនដឹកហ្គាសមួយគ្រឿង បើកក្នុងល្បឿនលឿនលើផ្លូវចុះចំណោត ហ្វ្រាំងមិនជាប់ជ្រុល ក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋ បាក់អស់៣ខ្នង ខូចខាតទ្រព្យសម្បត្តិ ម៉ូតូអស់ជិត២០គ្រឿង របស់របរអស់ជាច្រើន មនុស្ស៦នាក់របួសស្រាល បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
រថយន្តបង្ក ធុនធំ ជារថយន្តសុីទែនដឹកហ្គាស ពាក់ស្លាកលេខ ភ្នំពេញ3E-4191 ។

្ចាស់តូបទី១ ឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល ។ ម្ចាស់តូបទី២ ឈ្មោះខាំ សុភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រងរបួសស្រាល និងឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល ។ ម្ចាស់តូបទី៣ ឈ្មោះហ៊ុន មូលីកា ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល រស់នៅភូមិសង្កាត់កើតហេតុខាងលើ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលបងប្អូនប្រជាពលរដ្ឋកំពុងលង់លក់ក្នុងដំណេក ស្រាប់តែរថយននតបង្ក បើកលឿនចុះចំណោត ហ្វ្រាំងមិនជាប់ ជ្រុលក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាត អស់ផ្ទះ៣ខ្នង ម៉ូតូជិត២០គ្រឿងខូចខាត សំណាងល្អមនុស្ស៦នាក់ របួសស្រាល ។
រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នេះ សមត្ថកិច្ច រួមជាមួយរថយន្តពន្លត់អគ្គិភ័យ លើកយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរជើងគោក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


អត្ថបទ៖តាតុង សែនជ័យ
