យោធារបស់ប្រទេសចិនបានប្រកាសធ្វើសមយុទ្ធយោធាជាថ្មីនៅថ្ងៃ ច័ន្ទ​ ទី ០៨ ខែ សីហា នៅលើផ្ទៃសមុទ្រ និង ដែនអាកាស ជុំវិញកោះតៃវ៉ាន់ ១ថ្ងៃបន្ទាប់ពីការគ្រោងបញ្ចប់នៃសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន ដើម្បីតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក កាលពីសប្ដាហ៍មុន ទៅកាន់ទីក្រុង តៃប៉ិ។ នេះបើយោងតាមសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៨ ខែ សីហា ឆ្នាំ ២០២២។

ទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិនបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធរួមគ្នាដែលផ្ដោតលើប្រតិបត្តិការប្រឆាំងនាវាមុជទឹក និង ការវាយឆ្មក់តាមផ្លូវសមុទ្រ ដោយអ្នកវិភាគ និង អ្នកកាទូតមួយចំនួនថា ទីក្រុងប៉េកាំងនឹងបន្ដរក្សាសម្ពាធលើការការពាររបស់កោះតៃវ៉ាន់។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកោះតៃវ៉ាន់កាលពីសប្ដាហ៍មុន បានធ្វើឲ្យចិនមានការខឹងសម្បារ ដោយចិនបានបើកការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានតាមផ្លូវទឹក និង ផ្លូវអាកាស នៅតំបន់ជុំវិញតៃវ៉ាន់ ដោយមានទាំងការបាញ់ផ្លោងម៉ីស៊ីលបាលីស្ទិករំលងដែនកោះនេះជាលើកដំបូង ក៏ដូចជាលុបចោលកិច្ចសន្ទនាមួយចំនួនជាមួយទីក្រុងវ៉ាស៊ីនតោនផងដែរ។

ចំពោះរយៈពេល និង ទីតាំងច្បាស់លាស់នៃសមយុទ្ធចុងក្រោយនេះ មិនទាន់ដឹងថានឹងបញ្ចប់នៅពេលណានោះទេ ខណៈដែលទីក្រុងប៉េកាំង និង ទីក្រុងតៃប៉ិ សុទ្ធតែមិនបានបញ្ជាក់ពីការបិទបញ្ចប់សមយុទ្ធដែលចិនប្រកាសធ្វើឡើងកាលពីថ្ងៃ ព្រហស្បតិ៍ រហូតដល់ថ្ងៃ អាទិត្យ ចុងសប្ដាហ៍មុននោះទេ។

យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនតៃវ៉ាន់បានអះអាងថា ខ្លួនបានមើលឃើញភស្តុតាងមួយចំនួន ដែលឲ្យតំរុយថា ទំហំនៃការធ្វើសមយុទ្ធរបស់ចិន ហាក់ត្រូវបានកាត់បន្ថយខ្លះៗ ចំណែកតៃវ៉ាន់ក៏បានបន្ធូរបន្ថយការរឹតបន្ដឹងការហោះហើរនៅជិតតំបន់សមយុទ្ធចិនមុនៗ ចំនួន៦ នៅជុំវិញកោះរបស់ខ្លួនដែរ៕

ប្រភព៖ CNA

Share.